កណ្តាល៖ ការប្រកួតជម្រុះ​មណ្ឌល​ទី៧ នៃពានរង្វាន់​ Tiger Street Football Festival 2018 បានបើកជាផ្លូវការហើយនាព្រឹក​ថ្ងៃ​ទី​០៤ ​ខែ​មីនា ​ឆ្នាំ​២០១៨​ នេះ នៅបរិវេណមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ចំនួន៣២ក្រុម។ ហើយចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។​

ថ្លែងក្នុងពីធីបើកកាលពីព្រឹកមិញ លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រគណៈកម្មាធិការបច្ចេកទេស បានលើកឡើងថា នេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនស្រាបៀថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ និងសូមឲ្យបងប្អូនកីឡាករទាំងអស់ប្រកាន់ខ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

នៅក្នុងនោះដែរលោក Wong kwok San នាយកផ្នែកលក់នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីបើកនោះថា Tiger Street Football Festival ២០១៨ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់ ៨ មណ្ឌល ក្រុមចូលរួមប្រកួតដល់ទៅជាង៥០០ក្រុម កីឡាករសរុបជាង ៣៥០០នាក់ និងជាពិសេសមានរង្វាន់ដ៏ច្រើនសរុប ៥០ ០០០$។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ និងមាន​ឱកាស​ជួប​ផ្ទាល់​ជា​មួយ​កំពូល​តារា​បាល់​ទាត់​អន្តរជាតិ​ Ryan​ Giggs​ នៅ​ថ្ងៃ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតនៅមណ្ឌលទី៧​នេះ​ ​ធ្វើ​រយៈពេលតែ១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ០៤ ខែមីនា ដើម្បី​ស្វែង​រក​ក្រុមជើង​​ចំនួន៣​ក្រុម​ ឈានទៅប្រកួតវគ្គផ្តាច់ព្រ័តទូទាំងប្រទេស​​នៅរាជធានីភ្នំពេញ​ ថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។