ក្រុមម្ចាស់ផ្ទះ បឹងកេតអង្គរ របស់កម្ពុជា បានបង្ហាញពីកង្វល់ទៅលើបញ្ហាកម្លាំង ក្នុងការទប់ទល់ជាមួយក្រុមខ្លាំង Home United របស់សិង្ហបុរី ដែលកំពុងមានការជឿជាក់ខ្លាំង ក្នុងការឈ្នះបាន ៣ពិន្ទុ ពីបឹងកេត សម្រាប់ការប្រកួតជម្រុះវគ្គចែកពូលពានរង្វាន់ AFC Cup 2018 នៅពហុកីឡដ្ឋានជាតិនាល្ងាចម៉ោង ៦:៣០ នេះ។

ក្រុមបឹងកេត ដែលទទួលបានការខកចិត្តផ្ទួនៗ តាមរយៈការចាញ់ក្រុមខ្លាំង Ceres-Negros របស់ហ្វីលីពីន ៩-០ នៅក្រៅទឹកដី និងបន្តចាញ់ក្រុម Shan United របស់មីយ៉ាន់ម៉ា ២-១ ក្នុងទឹកដីខ្លួនឯងនោះ បានត្រឹមសន្យា ខំប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព ប៉ុន្តែពួកគេ ហាក់មិនមានសង្ឃឹម ក្នុងការរកបាន៣ពិន្ទុនោះទេ ព្រោះ Home United គឺជាក្រុមខ្លាំង ដែលធ្លាប់ឈ្នះ Shan United ១-០ នៅក្រៅទឹកដី និងស្មើ Ceres-Negros ១-១ ក្នុងទឹកដីខ្លួនឯង។

លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេត បាននិយាយក្នុងសន្និសីទកាសែត នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃចន្ទ ម្សិលមិញថា៖ «២ប្រកួតកន្លងមកនេះ យើងមិនទាន់ទទួលបាន១ពិន្ទុទេ ប៉ុន្តែជាទូទៅ ក្នុងការប្រកួតមួយៗ យើងតែងតែត្រៀមខ្លួន ដើម្បីយើងចង់ឈ្នះ។ ចំណែកលើកនេះ វានឹងក្លាយជាការប្រកួតដ៏លំបាកមួយ សម្រាប់ក្រុមយើង ព្រោះ Home United គឺជាក្រុមខ្លាំងមួយ ដោយ ២ប្រកួតកន្លងមកនេះ គាត់បាន៤ពិន្ទុ ដោយឈ្នះ Shan United និងស្មើក្រុម Ceres-Negros»។

លោកបានបន្ថែមថា៖ «ទោះបីជាយ៉ាងណា នេះជាការប្រកួតនៅក្នុងទឹកដីរបស់យើង អ៊ីចឹងយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យអ្នកគាំទ្ររបស់យើងសប្បាយចិត្ត ប៉ុន្តែដោយសារយើងប្រកួតជាប់ៗគ្នាពេក ធ្វើឲ្យកីឡាករមានការនឿយហត់ច្រើន។ ជាក់ស្តែងពេលលេងជាមួយក្រុមអាស៊ីអឺរ៉ុប កាលពីថ្ងៃសៅរ៍ យើងមានកីឡាកររបួសរហូត៤ទៅ៥នាក់ ដែលពាក់ព័ន្ធនឹងសាច់ដុំ ដោយសារពួកគាត់ ធ្វើការងារច្រើនហួសកំណត់ អ៊ីចឹងបញ្ហាកម្លាំង វាជាក្តីបារម្ភរបស់ខ្ញុំ សម្រាប់ការប្រកួតលើកនេះ»។

តាមលទ្ធផលនៃការប្រកួត២លើក កន្លងមកនេះ ក្រុម Home United ដែលកំពុងឈរនៅលេខរៀងទី២ ប្រចាំពូល F ដោយមាន ៤ពិន្ទុស្មើជាមួយក្រុម Ceres-Negros តែចាញ់គ្រាប់បាល់ក្រុម Ceres នោះ គឺត្រូវការឈ្នះខ្លាំងបំផុត ដើម្បីប្រជែងយកតំបន់កំពូលតារាងជាមួយ Ceres-Negros ដែលត្រូវបើកពហុកីឡដ្ឋាន Panaad Park and Stadium ស្វាគមន៍ក្រុម Shan United នៅល្ងាចថ្ងៃអង្គារនេះដែរ។

លោក Aidil Sharin គ្រូបង្វឹកក្រុម Home United បានថ្លែងថា៖ «ខ្ញុំមានការជឿជាក់ថា យើងនឹងទទួលបានលទ្ធផលវិជ្ជមានមួយ ដោយខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពជាមួយកូនក្រុមរបស់ខ្ញុំ ដើម្បីរកឲ្យបានលទ្ធផលដ៏ល្អមួយ ជាមួយការរកគ្រាប់បាល់ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីមានពិន្ទុច្រើនជាងគេ នៅក្នុងពូលនេះ»។

យ៉ាងណាក៏ដោយ លោក Aidil Sharin បានប្រាប់កូនក្រុមរបស់លោក មិនឲ្យមើលស្រាលទៅលើក្រុមបឹងកេត នោះទេ។ លោកបានបញ្ជាក់ថា៖ «បើទោះបីជា បឹងកេត បានជួបការបរាជ័យយ៉ាងធំ ដោយបានចាញ់ក្រុមហ្វីលីពីន ៩-០ ប៉ុន្តែខ្ញុំជឿថា ក្រុមបឹងកេត នឹងព្យាយាមអស់ពីសមត្ថភាព ដើម្បីបង្ហាញអ្វីមួយឲ្យមានលក្ខណៈល្អប្រសើរ សម្រាប់ការជួប Home United លើកនេះ»។

លោកបានបញ្ជាក់ថា៖ «ហេតុនេះបើសិនជាយើងគិតថា បឹងកេត ជាក្រុមដែលងាយស្រួល ក្នុងការយកឈ្នះ ព្រោះលេងមិនសូវល្អ ចាញ់ ២ប្រកួតហើយ គឺពួកយើង អាចនឹងជួបបញ្ហា ព្រោះបាល់ទាត់អ្វីៗ ក៏អាចកើតឡើងដែរ បើសិនជាយើងមើលស្រាលទៅលើគូប្រកួត អ៊ីចឹងយើងត្រូវតែខំប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរក៣ពិន្ទុ លើកនេះឲ្យបាន»៕