ក្រុមខ្លាំង Home United របស់សិង្ហបុរី បានបង្ហាញមហិច្ឆតាយ៉ាងខ្ពស់ ក្នុងការយកឈ្នះក្រុមបឹងកេតអង្គរ សម្រាប់ការប្រកួតជម្រុះវគ្គចែកពូលពានរង្វាន់ AFC Cup 2018 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ ប៉ុន្តែគេនៅមិនទាន់ដឹងថា Home United អាចស៊ីបឹងកេត បានប៉ុន្មានគ្រាប់ ឬក៏ទទួលបានលទ្ធផលខុសពីការរំពឹងទុកយ៉ាងណានោះទេ?
ក្រុម Home United ដែលមិនទាន់ស្គាល់ការចាញ់សោះ សម្រាប់ការប្រកួត ២លើកកន្លងមកនេះ បានបង្ហាញពីការជឿជាក់ខ្លាំង ក្នុងការយកឈ្នះក្រុមបឹងកេត ហើយលោក Aidil Sharin គ្រូបង្វឹកក្រុម Home United បានប្រាប់ថា ក្រុមរបស់លោកបានត្រៀមខ្លួនយ៉ាងល្អ និងធ្វើបានយ៉ាងរលូន សម្រាប់ ២ប្រកួត កន្លងមកនេះ។

ក្រុម Home United ដែលមិនទាន់ស្គាល់ការចាញ់សោះ សម្រាប់ការប្រកួត ២លើកកន្លងមកនេះ បានបង្ហាញពីការជឿជាក់ខ្លាំង ក្នុងការយកឈ្នះក្រុមបឹងកេត ហើយលោក Aidil Sharin គ្រូបង្វឹកក្រុម Home United បានប្រាប់ថា ក្រុមរបស់លោកបានត្រៀមខ្លួនយ៉ាងល្អ និងធ្វើបានយ៉ាងរលូន សម្រាប់ ២ប្រកួត កន្លងមកនេះ។

លោកបាននិយាយ ក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ ម្សិលមិញថា៖ «២ប្រកួតកន្លងមកនេះ យើងធ្វើបានល្អ ហើយការមកទីនេះ ខ្ញុំមានការជឿជាក់ថា យើងនឹងទទួលបានលទ្ធផលវិជ្ជមានមួយ ដោយខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពជាមួយកូនក្រុមរបស់ខ្ញុំ ដើម្បីរកគ្រាប់បាល់ឲ្យបានច្រើន និងមានពិន្ទុច្រើន នៅក្នុងពូលនេះ»។

សម្រាប់ការប្រកួត២លើកប្រចាំពូលF កន្លងមកនេះ ក្រុម Home United បានយកឈ្នះក្រុម Shan United ១-០ នៅក្រៅទឹកដី មុនពេលពួកគេស្មើក្រុម Ceres-Negros ១-១ នៅក្នុងទឹកដីខ្លួនឯង កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមកនេះ។ ផ្ទុយពីនេះ បឹងកេត បានចាញ់ក្រុមម្ចាស់ផ្ទះ Ceres-Negros ៩-០ និងបានចាញ់ក្រុមភ្ញៀវ Shan United ២-១ នៅលើទឹកដីខ្លួនឯង។
យ៉ាងណាក៏ដោយ លោក Aidil Sharin ក៏បានបង្ហាញការគោរពដល់ក្រុមបឹងកេត ផងដែរ។ លោកបញ្ជាក់ថា៖ «យើងត្រូវគោរពដល់ក្រុមទាំងអស់ ដែលយើងត្រូវលេងជាមួយ ព្រោះបាល់ទាត់ អ្វីៗវាអាចនឹងកើតមានឡើង បើសិនជាយើងគិតថា កម្រិតលេងរបស់ក្រុមនោះ វាងាយស្រួលចំពោះយើង»។

លោកបានសង្កត់ធ្ងន់ថា៖ «បើទោះបីជា បឹងកេត បានជួបការបរាជ័យយ៉ាងធំ ដោយបានចាញ់ក្រុមហ្វីលីពីន ៩-០ ប៉ុន្តែខ្ញុំជឿថា ក្រុមបឹងកេត នឹងព្យាយាមអស់ពីសមត្ថភាព សម្រាប់ការប្រកួតលើកនេះ។ ហេតុនេះ បើសិនជាយើងគិតថា បឹងកេត ជាក្រុមដែលងាយស្រួល ក្នុងការយកឈ្នះ ព្រោះលេងមិនល្អ ចាញ់២ប្រកួតហើយ ប្រហែលជាបញ្ហា អាចកើតមានឡើងចំពោះពួកយើង អ៊ីចឹងយើងត្រូវតែខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរក៣ពិន្ទុ ឲ្យបាន»។

ចំណែកលោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេត បានចាត់ទុកការជួបក្រុម Home United លើកនេះ ជាការប្រកួតដ៏លំបាកចំពោះបឹងកេត។ លោកបាននិយាយថា៖ «ការប្រកួតនេះ នឹងក្លាយជាការប្រកួតដ៏លំបាកមួយ សម្រាប់ក្រុមយើង ព្រោះ Home United គឺជាក្រុមខ្លាំង ប៉ុន្តែនេះជាការប្រកួតនៅក្នុងទឹកដីរបស់យើង អ៊ីចឹងយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យអ្នកគាំទ្ររបស់យើងសប្បាយចិត្ត»៕