ក្រុមបឹងកេតអង្គរ របស់កម្ពុជា បានបំពេញតួនាទីយ៉ាងល្អ ក្នុងនាមជាម្ចាស់ផ្ទះ តាមរយៈការយកឈ្នះក្រុម Home United របស់សិង្ហបុរី ៣-២ ក្នុងការប្រកួតជម្រុះវគ្គចែកពូលពានរង្វាន់ AFC Cup 2018 កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ ខណៈក្រុម Ceres-Negros បានបន្តយកឈ្នះ Shan United របស់មីយ៉ាន់ម៉ា ដើម្បីបន្តឈរនៅកំពូលតារាងប្រចាំពូលFនេះដដែល។

ជ័យជម្នះរបស់ក្រុមបឹងកេត លើក្រុម Home United អាចចាត់ទុកថា ជាលទ្ធផលដ៏ល្អបំផុត ដើម្បីលុបលាងភាពអាម៉ាស់ ចំពោះការចាញ់ក្រុម Ceres-Negros រហូតដល់ ៩-០ ក្នុងការប្រកួតជើងទី១ កន្លងមក ព្រោះ Home United គឺជាក្រុមតែមួយគត់ ដែលធ្លាប់បានស្មើ Ceres-Negros ១-១ នៅក្នុងទឹកដីរបស់ពួកគេ។

សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារម្សិលមិញនោះ ខ្សែបម្រើជនជាតិកូរ៉េខាងត្បូង Song Uiyoung បានជួយឲ្យក្រុម Home United នាំមុខមុត តាំងពីនាទីទី៣ ប៉ុន្តែខ្សែប្រយុទ្ធ Maycon បានវាយបកតាមស្មើឲ្យក្រុមបឹងកេត នៅនាទីទី១១ ហើយ Gbenga បានរកឃើញគ្រាប់បាល់នាំមុខឲ្យក្រុមបឹងកេត ២-១ នៅនាទីទី១៣។

បន្ថែមលើនេះ ការសម្រេចអូសបាល់ចូលទៅកាន់តំបន់គ្រោះថ្នាក់របស់ខ្សែការពារ សេត រ៉ូហ្ស៊ីប បានបង្ខំឲ្យកីឡាករ Juma’at Jantan បុកឲ្យរូបគេឲ្យដួលនៅមុខទី នាំឲ្យលោកអាជ្ញាកណ្តាល ផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យក្រុមបឹងកេត ហើយ Maycon ជាអ្នកស៊ុតបានសម្រេច នៅនាទីទី៤១ ដើម្បីជួយឲ្យបឹងកេត នាំមុខរហូតដល់ ៣-១ នៅត្រឹមតង់ទី១។

យ៉ាងណាក៏ដោយ អ្នកចាំទី ស៊ូ យ៉ាទី បានបង្កើតកំហុស នៅតំបន់គ្រោះថ្នាក់ ដោយរូបគេបានចាប់បាល់ ដែលបញ្ចូលដោយផ្ទាល់ពីមិត្តរូបក្រុម ហើយក្នុងពេលខ្សែការពាររបស់បឹងកេត មិនទាន់ទាំងបានត្រៀមខ្លួនផងនោះ ខ្សែប្រយុទ្ធ Shanhril Ishak របស់ Home United បានរត់ទៅឆក់បាល់ចេញពីដៃ ស៊ូ យ៉ាទី រួចដាក់ទាត់បញ្ចូលទៅឲ្យខ្សែការពារ Faritz ស៊ុតចូលយ៉ាងស្រួល នៅនាទីទី៦៧។

ប៉ុន្តែ Home United មិនអាចរកបានគ្រាប់បាល់បន្ថែម ដើម្បីយកឈ្នះក្រុមបឹងកេត បាននោះទេ ហើយការចាញ់ បឹងកេត ៣-២ បានធ្វើឲ្យសមាជិកក្រុម Home United មានការខកចិត្តខ្លាំង។ ផ្ទុយពីនេះ ក្រុម Ceres-Negros របស់ហ្វីលីពីន បានបន្តយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ២-០ នៅលើទឹកដីខ្លួន កាលពីយប់ថ្ងៃអង្គារនោះដែរ ដើម្បីមាន៧ពិន្ទុ លើស Home United ដែលមាន៤ពិន្ទុដដែល ឯបឹងកេត និង Shan United មាន៣ពិន្ទុដូចគ្នា៕