ប្រភេទកីឡាចំនួន៦ ក្នុងចំណោមប្រភេទកីឡាទាំង៩ ដែលត្រូវដាក់ឲ្យប្រកួត នៅបុណ្យទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្នាំ២០១៨ នឹងត្រូវចាប់ដំណើរការប្រកួតប្រជែង នៅថ្ងៃសុក្រនេះ នៅលើទីលានផ្សេងៗគ្នា។

យោងតាមកម្មវិធីរបស់គណៈកម្មការរៀបចំបុណ្យទន្លេ បានឲ្យដឹងថា ប្រភេទកីឡា រត់ប្រណាំងកម្សាន្ត ចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ នឹងចាប់ប្រកួតនៅព្រឹកម៉ោង ៦:៣០ ថ្ងៃសុក្រនេះ ដោយចេញដំណើរ និងមកដល់ នៅលើផ្លូវច្រមុះជ្រូកមាត់ទន្លេ ហើយកីឡាប្រណាំងទូកប្រពៃណីខ្នាតវែង ក៏ចាប់ផ្តើមព្រឹកថ្ងៃសុក្រនេះដែរ និងប្រកួតថ្ងៃទី២ នៅថ្ងៃអាទិត្យ។

ចំណែកការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមសសយកខេត្តកណ្តាល ជាមួយក្រុមខេត្តគៀងយ៉ាងរបស់វៀតណាម នឹងត្រូវប្រកួតនៅថ្ងៃសុក្រនេះដែរ នៅកីឡដ្ឋានខេត្តកណ្តាល ចាប់ពីម៉ោង៨ ព្រឹកតទៅ ហើយនៅថ្ងៃអាទិត្យ នឹងមានការប្រកួតទៀត ផងដែរ។ រីឯការប្រកួតប្រដាល់គុនខ្មែរ ថ្ងៃទី១ ចំនួន៧គូ នឹងប្រកួតនៅល្ងាចថ្ងៃសុក្រនេះដែរ ហើយ៧គូផ្សេងទៀត ត្រូវប្រកួតនៅថ្ងៃអាទិត្យ។

ចំពោះកីឡាចំបាប់ ត្រូវប្រកួតថ្ងៃទី១ នាល្ងាចថ្ងៃសុក្រនេះដែរ ហើយថ្ងៃទី២ ត្រូវធ្វើនៅថ្ងៃអាទិត្យ រីឯការប្រកួតកីឡាអុកចត្រង្គ វគ្គជម្រុះ ដើម្បីរកជើងខ្លាំង៨នាក់ ទៅប្រកួតផ្តាច់ព្រ័ត្រ នៅមហាសង្រាន្ត នៅអង្គរវត្ត ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ នឹងចាប់ផ្តើមប្រកួតនៅព្រឹកថ្ងៃសុក្រនេះដែរ រួចបន្តប្រកួតទៀត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ដោយឡែកប្រភេទកីឡាចំនួន៣ទៀត ក្នុងនោះការប្រកួតហែលទឹកឆ្លងទន្លេ នឹងត្រូវចាប់ផ្តើមនៅថ្ងៃសៅរ៍ ដែលធ្វើតែមួយព្រឹកទេ ឯកីឡាជិះកង់កម្សាន្តចម្ងាយ១០គីឡូម៉ែត្រ និងប្រណាំងកង់អាជីព ចម្ងាយ៣៥គីឡូម៉ែត្រ ត្រូវធ្វើនៅថ្ងៃអាទិត្យ។ ចំណែកការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-វៀតណាម ត្រូវធ្វើនៅថ្ងៃសៅរ៍៕