ក្រុមចំណូលថ្មី វិសាខា បានឡើងទៅកាន់កំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ដ៏គួរឲ្យកត់សម្គាល់ បន្ទាប់ពីពួកគេ បានឈ្នះ ៣ពិន្ទុបន្ថែម កាលពីថ្ងៃអាទិត្យ ម្សិលមិញ មុនពេលក្រុមប៉ូលិស មិនអាចរក្សាទីតាំងនេះបាន។ រីឯក្រុមណាហ្គាវើល បានបន្ថែមភាពជូរចត់ថ្មីមួយទៀតដល់ក្រុមអគ្គិសនីកម្ពុជា។

វិសាខា បានឡើងទៅកាន់កំពូលតារាង ជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ២-០ នៅពហុកីឡដ្ឋានជាតិ បន្ថែមទៅលើការយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០ កាលពីសប្តាហ៍មុន។ ខ្សែប្រយុទ្ធរបស់កូរ៉េខាងជើងទាំង២ គឺ Myong Ho Cheo និង Kyong Hun Kim ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះឲ្យក្រុមវិសាខា លើកនេះ ដែលគ្រាប់បាល់ទី១ កើតឡើងនៅនាទីទី៣២ និងគ្រាប់បាល់ទី២ នៅនាទីទី៣៤។

ការឡើងទៅកាន់កំពូលតារាងរបស់ក្រុមវិសាខា ក៏មកពីក្រុមប៉ូលិស ទទួលបានត្រឹម១ពិន្ទុ ជាមួយការស្មើក្រុមព្រះខ័នរាជស្វាយរៀង កាលពីយប់ថ្ងៃអាទិត្យ ផងដែរ ដែលធ្វើឲ្យក្រុមប៉ូលិស ធ្លាក់កំពូលតារាង មកឈរនៅលេខរៀងទី៤វិញ។

ចំណែកក្រុមម្ចាស់ជើងឯក បឹងកេត បានយកឈ្នះក្រុមវេស្ទើន ៣-១ ដើម្បីបន្តឈរ នៅលេខរៀងទី២ រីឯក្រុមភ្នំពេញក្រោន បានឡើងមកឈរនៅលេខរៀងទី៣ បន្ទាប់ពីក្រុមមួយនេះ បានយកឈ្នះក្រុមម្ចាស់ជើងឯករង២រដូវកាលជាប់ៗគ្នា គឺក្រសួងការពារជាតិ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍នោះ។

យ៉ាងណាមិញ ក្រុមណាហ្គាវើល ដែលបានត្រឹមស្មើ ០-០ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង កាលពីសប្តាហ៍មុននោះ គឺបានលត់ក្រុមអគ្គិសនីកម្ពុជា រហូតដល់ ៥-១ ដោយក្នុងនោះខ្សែប្រយុទ្ធធ្លាប់លេងឲ្យក្លិបធំៗនៅកម្ពុជាBisan George រកបាន៣គ្រាប់តែម្នាក់ឯង ហើយ សុះ ស៊ូហាណា និង Matthew Osa រកបានម្នាក់១គ្រាប់ ដើម្បីជួយឲ្យណាហ្គាវើល ហក់ពីលេខ៦ ទៅឈរនៅលេខរៀងទី៥។

ប៉ុន្តែជ័យជម្នះយ៉ាងធំធេងរបស់ក្រុមណាហ្គាវើល បានទម្លាក់ក្រុមអគ្គិសនីកម្ពុជា ទៅឈរនៅបាតតារាងជំនួសក្រុមវេស្ទើន វិញ។ ចំណែកក្រុមចំណូលថ្មី សូលទីឡូអង្គរ ក៏មានទាន់រកឃើញការឈ្នះផងដែរ បន្ទាប់ពីពួកគេបានបន្តចាញ់ក្រុមអាស៊ីអឺរ៉ុប ២-១ កាលពីថ្ងៃសៅរ៍ បន្ថែមទៅលើការចាញ់ក្រុមភ្នំពេញក្រោន ១-០ នោះ៕