ក្រុម Fan Sport FT បានបង្ហាញពីទម្រង់លេង កាន់តែគួរឲ្យចាប់អារម្មណ៍ ខណៈពួកគេ បានបន្តយកឈ្នះក្រុមម្ចាស់ជើងឯក ស.ស.យ.ក កំចាយមារ ក្នុងការប្រកួតវិលជុំ លើកទី២ នៃការប្រកួតជម្រើសជើងឯកបាត់ទាត់ក្នុងសាល ឆ្នាំ២០១៨ (National Futsal League 2018) កាលពីល្ងាចថ្ងៃអាទិត្យ រីឯក្រុម Down Town Sport ក៏បានធ្វើឲ្យក្រុមHome Sport FT ដែលបានបង្ហាញភាពខ្លាំង កាលប្រកួតបើកឆាក ជួបការបរាជ័យ ដូចគ្នា។

បើទោះបីជា ក្រុមកំចាយមារ បានយកឈ្នះក្រុមម្ចាស់ជើងឯករង ឪម៉ាល់ ៥-៣ ក្នុងការប្រកួតបើកឆាក កាលពីសប្តាហ៍មុន ប៉ុន្តែសម្រាប់ការប្រកួតលើកទី២ កំចាយមារ បែរជាទទួលបានភាពសោកស្តាយវិញ ដោយពួកគេបានចាញ់ក្រុម Fan Sport FT ក្នុងលទ្ធផល ៨-៧ ដ៏គួរឲ្យសោកស្តាយ។

ចំណែកក្រុម Home Sport FT ដែលបានលត់ក្រុម B.A United រហូតដល់ ៨-១ កាលពីសប្តាហ៍មុននោះ បានជួបភាពសោកស្តាយដូចក្រុមកំចាយមារ ផងដែរ ព្រោះពួកគេបានចាញ់ក្រុម Down Town Sport ទាំងប្រផិតប្រផើយ ជាមួយលទ្ធផល ៣-២។ រីឯក្រុមឪម៉ាល់ បានស្មើ ៤-៤ ជាមួយក្រុមឆន្ទៈកីឡា។

ផ្ទុយពីនេះក្រុមអាណចក្របៃតង ដែលបានចាញ់ក្រុមឆន្ទៈកីឡា ៦-៤ ក្នុងការប្រកួតបើកឆាកនោះ បានលត់ក្រុម B.A United ១០-៦ ដើម្បីទទួលបាន៣ពិន្ទុ សម្រាប់ការប្រកួតលើកទី២នេះ រីឯក្រុម Panda FC បានយកឈ្នះក្រុមយុវជន៧មករា ៥-២ ដើម្បីលុបលាងភាពសោកស្តាយ ចំពោះការចាញ់ក្រុម Down Town Sport ៨-៣ កាលពីសប្តាហ៍មុន។

តាមរយៈការប្រកួតសប្តាហ៍ទី២ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ក្រុម Down Town Sport និងក្រុម Fan Sport FT បានឈ្នះទាំង២ប្រកួតដូចគ្នា ខណៈក្រុមឆន្ទៈកីឡា មាន៤ពិន្ទុ ជាមួយការឈ្នះ១ និងស្មើ១ដង។ រីឯក្រុម Home Sport ក្រុមអាណាចក្របៃតង ក្រុមស.ស.យ.ក កំចាយមារ និងក្រុម Panda FC មាន៣ពិន្ទុ ជាមួយការឈ្នះ១ និងចាញ់១ប្រកួតដូចគ្នា ហើយក្រុមឪម៉ាល់ មាន១ពិន្ទុ ប៉ុន្តែក្រុម B.A United និងក្រុមយុវជន៧មករា បានចាញ់ទាំង២ប្រកួតដូចគ្នា៕