លោក​ Alan LM Mccune​ ជា​​​ជើង​ខ្លាំង​​ម្នាក់​ដែល​​លេច​មុខ​ការពារ​បុគ្គល​ល្បី​​ៗ​​ក្នុង​កម្មវិធី​​ធំ​​ៗ​ផ្លូវ​ការ​នៅ​​ប្រទេស​កម្ពុជា​។ ថ្មី​ៗ​នេះ​​លោក​​ទើប​តែ​​បញ្ចប់​ភារកិច្ច​ការពារ​អតីត​កំពូល​តារា​បាល់ទាត់​លំដាប់​ពិភព​លោក​ Ryan Giggs ដែល​បាន​មក​ប្រទេស​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់​ពី​ប្រវត្តិ​របស់​​លោក។

លោក​ Alan LM Mccune ប្រាប់​ Sabay ថា​ លោក​ជា​ជន​ជាតិ​ស្កុតឡែន​ និង​បាន​មក​​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៣​ ប៉ុន្តែ​​ធ្លាប់​ធ្វើ​ដំណើរ​លក្ខណៈ​កម្សាន្ត​មក​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៧​ម៉្លេះ។ បន្ទាប់​ពី​លោក​បាន​​មក​ប្រទេស​កម្ពុជា​ លោក​ពិត​ជា​​ស្រលាញ់​​វប្បធម៌​ និង​បែប​បទ​នៃ​ការ​រស់​នៅ​របស់​ប្រទេស​កម្ពុជា​យ៉ាង​​ខ្លាំង​។

លោក​បាន​ក្លាយ​ជា​អង្គរក្ស​រយៈ​ពេល​៣២​ឆ្នាំ​ហើយ​គិត​ដល់​ពេល​នេះ។ រយៈ​ពេល​៣២​ឆ្នាំ​កន្លង​ទៅ​នេះ​​លោក​បាន​ការពារ​​ឥស្សរជន​ល្បី​​ៗ​ច្រើន​​ទាំង​តារាភាពយន្ត​ហូលីវូដ​ ​តារា​បាល់ទាត់​ល្បី​ៗ​ និង​បុគ្គល​ល្បី​ៗ​ជា​​ដើម។ លោក​ប្រាប់​ថា​ ៖«ខ្ញុំ​ធ្វើ​ជា​អង្គរក្ស​​តាំង​ពី​អាយុ​១៨​ឆ្នាំ​​។ ខ្ញុំ​ធ្លាប់​ការពារ​តារា​ល្បី​លំដាប់​ពិភព​លោក​ដូច​ជា​តារា​ហូលីវូដ​លោក​ George Clooney លោក​​ Rod Steward ជា​កំពូល​តារា​ចម្រៀង​អង់គ្លេស លោក​ Russel Crowe​ ជា​ផលិតករភាពយន្តជា​ដើម»។ លោក​ធ្លាប់​ធ្វើ​ជា​អង្គរក្ស​​ក្នុង​ពិធី​បើក​សម្ពោធ​​ធំ​ៗ​ជា​ច្រើននៅ​ស្រុក​ខ្មែរ​​ និងការពារ​​តារា​ល្បី​ៗ​​​ដូច​ជា​តារា​ចម្រៀង​អៀរ​ឡង់ Bono តារា​ចម្រៀង​ល្បី​របស់​អាមេរិក​នាង Jessi​ មក​កម្ពុជា​ និង​តារា​មក​ពី​ថៃ​​ផង​ដែរ។ ចុង​ក្រោយ​នេះ​ លោក​បាន​បំពេញ​ភារកិច្ច​ការពារ​អតីត​កំពូល​តារា​​បាល់ទាត់​ពិភព​លោក​ Ryan Giggs ដែល​មក​ប្រទេស​កម្ពុជា​៣​ថ្ងៃ។​


Alan ដែល​មាន​​មាឌ​​ធំ​​​មើល​ទៅ​​គួរ​ឲ្យ​ខ្លាច​ស័ក្ដិសម​ជា​អង្គរក្ស​បន្ត​​​ទៀត​​ថា​ លោក​បាន​ហ្វឹកហាត់​​​កីឡា​គុន​ចម្រុះ​ MMA រយៈ​ពេល​១៧​ឆ្នាំ​ជា​មួយ​គ្រូ​បង្វឹក​ MMA ល្បី​ៗ​លំដាប់​ពិភព​លោក​ដូច​ជា​លោក​គ្រូ​ Erik Paulson Rick Young, Roger Gracie ជា​ដើម។ ឆ្នាំ​​២០០៥​​ លោក​បាន​ឈ្នះ​មេដាយ​មាស​​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Gracie Invitational Brazilian Jujitsu ដែល​រៀប​ចំ​នៅ​ប្រទេស​អង់គ្លេស។

ឆ្នាំ​២០១៣​លោក​បាន​​មក​ប្រទេស​កម្ពុជា​​ដែល​ពេល​នោះ​លោក​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​កីឡា​ MMA។ លោក​​ថា​ «៖«ខ្ញុំ​ត្រូវ​បាន​លោក​គ្រូ​ Paddy Carson និង​លោក​ ម៉ា​​ សេរី​ អញ្ជើញ​ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​ KWC របស់​ទូរទស្សន៍​ MYTV។ ខ្ញុំ​បាន​​​បង្ហាត់​​កម្មវិធី​ប្រដាល់​នោះ​បាន​​៣​រដូវ​កាល​ និង​​បង្ហាត់​កីឡាករ​ខ្មែរ​​ប្រហែល​ជា​​៧៥​នាក់​ដូច​ជា​កីឡាករ​ ខុន ស៊ីចាន់​ ដែល​ទើប​តែ​ឈ្នះ​ការ​ប្រកួត​នៅ​ One Championship កាល​ពី​ពេល​ថ្មី​ៗ​នេះ»។​

បច្ចុប្បន្ន​​លោក​​​​បង្ហាត់​​នៅ​ក្លឹប​ Phnom Penh MMA, Prokout និង​ Banteay Center។ លើស​​ពី​នេះ​ទៀត​​លោក​​ជា​មួយ​​នឹង​​គ្រូ​យូដូ​លោក​ ឡាច វុទ្ធី ​​កំពុង​រៀប​ចំ​បង្កើត​ការ​ប្រកួត​ ជើង​ឯក​គុន​ចម្រុះ​កម្ពុជា​ (Cambodian MMA Champion)៕


Via :news.sabay