កីឡាករ កីឡាការិនីចំនួន ៦៥នាក់ (ស្រី២១នាក់) បាននឹងកំពុងធ្វើការប្រកួតប្រជែងគ្នា ក្នុងការប្រកួតកីឡាសូហ្វតិន្នីស ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ដែលបានចាប់ដំណើរការ កាលពីព្រឹកថ្ងៃពុធនេះ នឹងត្រូវបញ្ចប់ នៅព្រឹកថ្ងៃសុក្រ ខាងមុខនេះ។

សម្រាប់ការប្រកួត ដែលរៀបចំឡើងដោយសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្រោមការឧបត្ថម្ភពីសម្តេចក្រឡាហោម ស ខេង នេះ គឺអត្តពលិកទាំង៦៥នាក់ តំណាងឲ្យសមាគមក្រសួងមហាផ្ទៃ ក្លិបអគ្គនគរបាលជាតិ ក្លិប Japan ក្លិបក្រសួងការពារជាតិ ក្លិបខេត្តកំពង់ស្ពឺ និងក្លិបអ៊ីអេងកីឡា ត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាចំនួន៧។

វិញ្ញាសាទាំង៧ ដែលពួកគេត្រូវប្រកួតគ្នានោះ មានវិញ្ញាសារឯកត្តជនបុរសកម្រិតA ឯកត្តជននារីកម្រិតA វាយគូនារីកម្រិតA វាយគូបុរសកម្រិតA វាយគូបុរសកម្រិតB ការប្រកួតឯកត្តជនយុវជនអាយុក្រោម១៨ឆ្នាំ និងឯកត្តជនយុវតីអាយុក្រោម១៨ឆ្នាំ ដោយក្នុងនោះការប្រកួតវាយគូនារី-បុរសកម្រិតA ត្រូវប្រកួតវិលជុំ រួចកំណត់យកអ្នកមានពិន្ទុខ្ពស់ជាងគេ ជាម្ចាស់ជយលាភីតែម្តង។

ចំណែកប្រកួតវាយគូបុរសកម្រិតB ឯកត្តជនយុវជនអាយុក្រោម១៨ឆ្នាំ និងឯត្តជនយុវតីអាយុក្រោម១៨ឆ្នាំ ត្រូវបានបែងចែកការប្រកួតជា៤ពូលដូចគ្នា ហើយពូលទាំង៤ ត្រូវប្រកួតគ្នាយកអ្នកបានលេខ១តាមពូលទាំង៤ សរុប៤នាក់ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដូចគ្នា។ ឯកត្តជនបុរសកម្រិតA និងនារីកម្រិតA ត្រូវបែងចែកការប្រកួតជា២ពូលដូចគ្នា រួចយកអ្នកបានលេខ១ និងលេខ២ តាមពូលទាំង២ សរុប៤នាក់ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ៕