ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី ត្រូវបានក្រុមម្ចាស់ផ្ទះ Home United របស់សិង្ហបុរី សងសឹកបានសម្រេចជាមួយនឹងលទ្ធផយយ៉ាងចាស់ដៃ ៦-០ ក្រោយក្រុមបឹងកេតទទួលបានជ័យជម្នះកាលពីជើងទី១ លើទឹកដីខ្លួន ៣-២ នៅក្នុងការប្រកួតជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2018 ពូលF នៅកីឡដ្ឋាន Jalan Besar កាលពីយប់មិញ ។

ការបរាជ័យដ៏ស្ពឹកមុខនេះ បានធ្វើឲ្យក្រុមបឹងកេតមានឱកាសស្ដួចស្ដើងបំផុត នៅក្នុងការស្វែងរកកៅអីវគ្គបន្ដ ព្រោះបច្ចុប្បន្នបឹងកេត កំពុងឈរបាត់តារាងមាន ៣ពិន្ទុ ដូចក្រុម Shan United របស់មីយ៉ាន់ម៉ាដែរ ។ ចំពោះឱកាសនៅសល់សម្រាប់ក្រុមបឹងកេត គឺត្រូវការឈ្នះ ២ប្រកួតចុងក្រោយ ហើយចាំអ៊ុតលទ្ធផលប្រកួតចុងក្រោយរបស់ក្រុម Ceres-Negros និងក្រុម Shan United តែបើសិនបឹងកេតចាញ់តែ ១ប្រកួតទៀត ពួកគេនឹងអស់ឱកាសតែម្ដង ។

ចំពោះលទ្ធផលជាបណ្ដោះអាសន្នក្នុងពូល F ពេលនេះក្រុមបឹងកេត Ceres-Negros របស់ហ្វីលីពីន កំពុងឈរកំពូលតារាង និងមាន ១០ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៤ប្រកួតមិនស្គាល់ពាក្យចាញ់ ហើយបានបំប៉ោងសំណាញ់ទីគូប្រកួតចំនួន ១៣គ្រាប់ ខណៈរបូត ១គ្រាប់គត់ ។ រីឯក្រុម Home United កំពុងឈរលេខ២ មាន ៧ពិន្ទុជាមួយលទ្ធផល ៤ប្រកួតឈ្នះ២ ស្មើ១ និងចាញ់១ ។ សម្រាប់ក្រុមបឹងកេត ដែលកំពុងឈរបាត់តារាងវិញ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ១ ចាញ់៣ ពួកគេបានរបូតគ្រាប់បាល់ដល់ទៅ ១៩គ្រាប់ឯណោះ ហើយស៊ុតចូលទីគេវិញបានតែ ៤គ្រាប់ប៉ុណ្ណោះ ៕


Via :khmertalking