ក្រុមបឹងកេតរបស់កម្ពុជា បានជួបនូវរឿងខកចិត្តយ៉ាងធ្ងន់ក ជាថ្មីម្តងទៀត បន្ទាប់ពីពួកគេ បានចាញ់ក្រុមម្ចាស់ផ្ទះ Home United រហូតដល់ ៦-០ ក្នុងការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Cup 2018 នៅកីឡដ្ឋាន Jalan Basar កាលពីយប់ថ្ងៃពុធ ម្សិលមិញ។

សម្រាប់ការប្រកួត ដែលមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ BTV នោះ គឺបានធ្វើឲ្យអ្នកគាំទ្ររបស់បឹងកេត មានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលបឹងកេត បែរជាប្រកួតចាញ់ក្រុម Home United យ៉ាងចាស់ដៃបែបនេះ ខណៈពួកគេ ទើបតែបានយកឈ្នះក្រុមរបស់សិង្ហបុរីមួយនេះ ៣-២ នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃទី៦ ខែមីនា កន្លងមកនេះ។

តាមរយៈការប្រកួតនោះ បឹងកេត លេងហាក់មិនសូវស៊ីចង្វាក់គ្នា ប៉ុន្មានទេ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះ Home United កាន់តែមានឱកាស ក្នុងការបង្កើតឱកាស ហើយភាពសប្បាយរីកបានកើតមានឡើងចំពោះអ្នកគាំទ្រក្រុមម្ចាស់ផ្ទះមួយនេះ ខណៈកីឡាករ Shahril Ishak បានទម្លុះសំណាញ់ទីបឹងកេត នៅនាទីទី៣៧ មុនពេល Son Ui Yong បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៤៤នោះ។

នៅក្នុងតង់ទី២ Home United បានបង្កើនការវាយលុក និងរកបានគ្រាប់បាល់រហូតដល់៤គ្រាប់ទៀត ដោយក្នុងនោះកីឡាករ Anumanthan រកបាន២គ្រាប់ នៅនាទីទី ៧២ និងទី៨៣ ហើយ Faritz Hameed និង Izzdin Shafiq រកបានម្នាក់១គ្រាប់ នៅនាទីទី៥៥ និងទី៨៧ ខណៈខ្សែប្រយុទ្ធ Gbenga របស់បឹងកេត បានទទួលកាតក្រហម នៅនាទីទី៨១។

នេះជាលទ្ធផលដ៏សែនជូរចត់លើកទី២ ដែលក្រុមបឹងកេត ទទួលបាន បន្ទាប់ពីពួកគេបានចាញ់ក្រុម Ceres-Negros ៩-០ ក្នុងការប្រកួតបើកឆាក។ ការឈ្នះ១ និងចាញ់៣លើកនេះ បានធ្វើឲ្យក្រុមបឹងកេត បន្តឈរនៅបាតតារាងប្រចាំពូលF ដដែល ដោយមាន៣ពិន្ទុ។ រីឯក្រុម Ceres-Negros បានយកឈ្នះក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា ១-០ កាលពីយប់ម្សិលមិញនោះដែរ ដើម្បីបន្តឈរនៅកំពូលតារាង ដោយមាន១០ពិន្ទុ លើក្រុមHome United មាន៧ពិន្ទុ និង Shan United ឈរនៅលេខ៣ មាន៣ពិន្ទុ៕