ក្រុមបាល់ទះតំណាងឲ្យវិទ្យាល័យចំនួន៦ទៀត ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ នឹងត្រូវធ្វើការប្រកួតប្រជែងគ្នា ក្នុងព្រឹត្តិការណ៍កីឡាបាល់ទះយុវជនសិស្សវិទ្យាល័យ ពានរង្វាន់សាកលវិទ្យាល័យវេស្ទើន ឆ្នាំ២០១៨ (Western Cup 2018) នៅថ្ងៃពុធនេះ ប៉ុន្តែក្រុមវិ.ចំណេះដឹងទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន បានឡើងទៅកាន់វគ្គខ្វែង៨ក្រុមជាផ្លូវការហើយ។

បើតាមរបាយការណ៍ របស់គណៈកម្មការរៀបចំការប្រកួត បានប្រកាស នៅក្នុងពិធីបើករដូវកាលថ្មី លើកទី៩ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអង្គារ បានឲ្យដឹងថា Western Cup 2018 មានក្រុមតំណាងឲ្យវិទ្យាល័យនៅរាជធានីភ្នំពេញចំនួន២៣ ស្មើនឹង២៧៨នាក់ បានចូលរួមប្រកួត។

ក្រុមទាំង២៣នោះ ត្រូវបានបែងចែកការប្រកួតជាពូល៤ ក្នុងនោះពូលA មានក្រុមវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ វិ.ឥន្ទ្រទេវី វិ.ឫស្សីកែវ វិ.បាក់ទូក វិ.ព្រែកឯង និងវិ.ជាស៊ីមបឹងកេតកង ឯពូលB មានក្រុមវិ.បឹងប្រីយ៍ វិ.សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសំរោង វិ.សម្តេចហ៊ុនសែនភ្នំពេញថ្មី វិ.ច្បារអំពៅ វិ.ជាស៊ីមសាមគ្គី និងក្រុមវិ.ហ៊ុនសែនប៊ុនរ៉ានីកោះដាច់។

ចំណែកពូលC មានតែ៥ក្រុមទេ មានក្រុមវិ.ទួលស្វាយព្រៃ វិ.ព្រែកលៀប វិ.ចំណេះដឹងទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន វិ.ពងទឹក និងក្រុមវិ.ហ៊ុនសែនប៊ុនរ៉ានីអរុណវតី ហើយពូលD មានក្រុមវិ.ទួលប្រាសាទសែនសុខ វិ.ទួលអំពិល វិ.ជាស៊ីមចំរើនរដ្ឋ វិ.ហ៊ុនសែនព្រែកកំពឹស វិ.ព្រែកថ្មី និង ក្រុមវិ.ជាស៊ីមជ្រោយចង្វារ។

ក្រុមឈរនៅតាមពូលទាំង៤ ត្រូវប្រកួតជម្រុះចាញ់ធ្លាក់ៗ រហូតរកឃើញក្រុមឈ្នះចំនួន២ នៅតាមពូលទាំង៤ សរុប ៨ក្រុម សម្រាប់ឡើងទៅប្រកួតវគ្គខ្វែង ៨ក្រុម រួចបន្តយក ៤ក្រុម ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ។

យ៉ាងណាក៏ដោយ ក្រុមវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន បានឡើងទៅកាន់ការប្រកួតវគ្គខ្វែង ៨ក្រុមជាផ្លូវការហើយ បន្ទាប់ពីពួកគេ បានបង្ហាញពីការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីទម្លាក់ក្រុមវិទ្យាល័យពងទឹក ជាមួយការយកឈ្នះ៣សិតដាច់(៣-០) សម្រាប់ការប្រកួតបើកឆាក នៅក្នុងពិធីបើក កាលពីថ្ងៃអង្គារកន្លងមកនេះ។

ដោយឡែក ក្រុមវិទ្យាល័យចំនួន ៦ទៀត នឹងត្រូវធ្វើការប្រកួតគ្នា នៅលើទីលានវិទ្យាល័យឥន្ទ្រទេវី នាថ្ងៃព្រហស្បតិ៍នេះ ដោយក្នុងនោះក្រុមវិ.ទួលស្វាយព្រៃ ត្រូវប្រកួតជាមួយក្រុមវិ.ព្រែកលៀប នាព្រឹកម៉ោង ៨:៣០ តទៅ ហើយក្រុមវិ.អគ្គ.ហ៊ុនសែនសំរោង ជួបវិ.ច្បារអំពៅ រសៀលម៉ោង ២:០០ ខណៈក្រុមវិ.សហសភ្នំពេញថ្មី ត្រូវប៉ះក្រុមវិ.បឹងប្រីយ៍ នៅម៉ោង ៤:០០៕