ក្រុមបឹងកេត នៅតែធ្វើបានល្អ សម្រាប់ការប្រកួតក្នុងលីកកំពូលកម្ពុជា ដោយពួកគេបានលត់ក្រុមប៉ូលិស ៥-១ ដើម្បីឡើងមកឈរនៅកំពូលតារាង ឯក្រុមណាហ្គាវើល បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-០ ដើម្បីឡើងមកឈរនៅលេខរៀងទី២ ជាបណ្តោះអាសន្ន ដោយរុញទម្លាក់ក្រុមវិសាខា និងភ្នំពេញក្រោន ឲ្យទៅឈរនៅលេខ៣ និងលេខ៤វិញ។

ការបរាជ័យយ៉ាងជូរចត់ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះសិង្ហបុរី Home United ៦-០ ក្នុងការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Cup 2018 កាលពីថ្ងៃពុធ បានធ្វើឲ្យអ្នកគាំទ្រ ស្ទើតែអស់ជំនឿចិត្តទៅលើបឹងកេត ទៅហើយ ហើយគេក៏មិនសង្ឃឹមច្រើនដែរថា បឹងកេត អាចយកឈ្នះក្រុមប៉ូលិស ដែលបានយកឈ្នះក្រុមវេស្ទើន រហូតដល់ ៦-០ និងស្មើជាមួយក្រុមព្រះខ័នរាជ-ស្វាយរៀង ០-០ នោះដែរ។

ប៉ុន្តែតាមរយៈការប្រកួតជាក់ស្តែង នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ បឹងកេត បានយកឈ្នះក្រុមប៉ូលិស ៥-១។ ខ្សែការពារ សុខ ហេង ជាអ្នកតែតរកគ្រាប់បាល់ដំបូងឲ្យក្រុមបឹងកេត នៅនាទីទី២១ គឺមុនពេលខ្សែប្រយុទ្ធបរទេសទាំង៣ មាន Maycon រកបាន២គ្រាប់ នៅនាទីទី៦៩ និងទី៧៦ ហើយ Julius និង GBenga រកបានម្នាក់១គ្រាប់ នៅនាទីទី៧៣ និងទី៨២ ហើយ No Daeho ជាអ្នករកបាន១គ្រាប់ឲ្យក្រុមប៉ូលិស នៅចុងម៉ោងនៃការប្រកួតនេះ។

យ៉ាងណាក៏ដោយ ការទទួលបានជ័យជម្នះយ៉ាងធំធេងរបស់ក្រុមបឹងកេត ក៏មកពីខ្សែការពារដ៏រឹងមាំ សាយ ពិសិដ្ឋ របស់ក្រុមប៉ូលិស ត្រូវបានបណ្តេញចេញពីទីលាន តាំងពីដើមតង់ទី២ ដោយការទទួលបានកាតក្រហម ផងដែរ។ ការឈ្នះក្រុមប៉ូលិស ៥-១ លើកនេះបានជួយឲ្យក្រុមបឹងកេត ឡើងទៅឈរនៅលេខរៀងទី១ ដែលជាទីតាំងរបស់ក្រុមវិសាខា ដោយមាន៩ពិន្ទុពេញ ខណៈវិសាខា បានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមភ្នំពេញក្រោន តាមរយៈការស្មើគ្នា ០-០ នៅកីឡដ្ឋានវេស្ទើន កាលពីថ្ងៃអាទិត្យ នោះដែរ។

ចំណែកឯ ក្រុមព្រះខ័នរាជ-ស្វាយរៀង ដែលបានស្មើ២ប្រកួតជាប់ៗគ្នានោះ ក៏បានរកឃើញការឈ្នះរបស់ខ្លួន កាលពីម្សិលមិញនោះដែរ ដោយពួកគេបានលត់ក្រុមអគ្គិសនីកម្ពុជា ៥-១ នៅលើទឹកដីខ្លួនឯង។

ដោយឡែក សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ក្រុមណាហ្គាវើល បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-០ នៅពហុកីឡដ្ឋានជាតិ។ ជាមួយការប្រកួតយ៉ាងស្វិត- ស្វាញនោះ ខ្សែប្រយុទ្ធ Matthew ជាអ្នកតែតបញ្ចូលទីរកបានគ្រាប់បាល់ដំបូងឲ្យ ក្រុមណាហ្គាវើល នៅនាទីទី៤៥ មុនពេលខ្សែប្រយុទ្ធ Inui Tasuro បានបន្ថែម២គ្រាប់ទៀត នៅនាទីទី៧១ និងទី៨៩។
ចំណែកក្រុមក្រសួងការពារ-ជាតិ បានយកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ២-១ ទាំងលំបាក ស្របពេលក្រុមចំណូលថ្មី សូល-ទីឡូអង្គរ បានយកឈ្នះក្រុមវេស្ទើន ៤-១ ដើម្បីទទួលបាន៣ពិន្ទុ ជាលើកដំបូង។


តាមរយៈការប្រកួតនេះ ក្រុមបឹងកេត ឈរនៅកំពូលតារាង ហើយណាហ្គាវើល ឡើងមកឈរនៅលេខ២ មាន៧ពិន្ទុស្មើជាមួយក្រុមធ្លាក់ពីកំពូលតារាងទៅឈរនៅលេខ៣ វិសាខា និងភ្នំពេញ-ក្រោន ដែលឈរនៅលេខ៤។ រីឯក្រុមទ័ព ឈរនៅលេខ៥ មាន៦ពិន្ទុ តាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង មាន៥ពិន្ទុ និងក្រុមប៉ូលសិស មាន៤ពិន្ទុដដែល ខណៈសូលទីឡូអង្គរ និងអាស៊ីអឺរ៉ុប មាន៣ពិន្ទុដូចគ្នា ប៉ុន្តែក្រុមអង្គរថាយហ្គីរ វេស្ទើន និងអគ្គិសនីកម្ពុជា ចាញ់ទាំង៣ប្រកួតដូចគ្នា៕