ក្រុមបាល់ទាត់ហ្វុតសាលនារី Duchess បានលត់ក្រុម Lady Madrid យ៉ាងចាស់ដៃ ក្នុងការប្រកួតបើករដូវកាលថ្មី បាល់ទាត់ហ្វុតសាលនារី ដណ្តើមពានរង្វាន់ខេមអេដ ប្រចាំឆ្នាំ២០១៨ (CamEd Women’s Futsal Tournament 2018) កាលពីថ្ងៃអាទិត្យ។
តាមរយៈការប្រកួត នៅទីលាន KB កាលពីថ្ងៃអាទិត្យនោះ ក្រុម Duchess ដែលបានឈ្នះតំណែងជើងឯក សម្រាប់ការប្រកួតលើកដំបូងរបស់ពួកគេ កាលពីឆ្នាំ២០១៧ បានលត់ក្រុម Lady Madrid រហូតដល់ ១១-០ ហើយវាក៏ជាពេល ដែលក្រុមមានទាំងជំនាញខាងបាល់បោះមួយនេះ បានបង្ហាញពីភាពជឿជាក់ ក្នុងការរក្សាតំណែងជើងឯករបស់ពួកគេ ផងដែរ។
កីឡាការិនី ជ័យ ផលសុគន្ធ ដែលជាប្រធានក្រុម Dunchess បាននិយាយថា៖ «ការប្រកួតនៅឆ្នាំនេះ ឃើញមានក្រុមថ្មីៗចូលរួមច្រើនផងដែរ ប៉ុន្តែក្រុមរបស់ខ្ញុំ នៅតែសង្ឃឹមថា អាចនឹងការពារតំណែងជើងឯក បានក្នុងក្តីសង្ឃឹម ១០០ភាគរយ ព្រោះយើងមានការសហការគ្នាក្នុងក្រុមបានល្អ ធ្វើឲ្យការលេងរបស់ពួកយើង មានភាពស៊ីសង្វាក់គ្នាបានល្អ ហើយការទប់បាល់ និងការស៊ុតបាល់របស់ពួកយើង ក៏ល្អប្រសើរជាងឆ្នាំមុនផងដែរ»។
សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មី ឆ្នាំ២០១៨ កាលពីថ្ងៃអាទិត្យនោះដែរ ក្រុម Felix Felicis បំបាក់ក្រុមឈរនៅពូលជាមួយគ្នាគឺ Victory ១០-១ រីឯក្រុម Unknown បានឈ្នះក្រុម LST ២-០ ខណៈក្រុម Wind Storm និង Purple Rabbit បានចែកគ្នាម្នាក់ ១ពិន្ទុ តាមរយៈការស្មើគ្នា ១-១។
គួរបញ្ជាក់ថា ការប្រកួតនៅឆ្នាំនេះ មាន ២០ក្រុមចូលរួម ហើយបានបែងចែកការប្រកួតជា ៤ពូល ក្នុងនោះពូល A មានក្រុម Victory, Unkown, LST, The Green និងក្រុម Felix Filicis ឯពូល B មានក្រុម Y1D, Black Dragon, Black United, CamEd Nugget និងក្រុម Girl on the Mix។ ពូល C មានក្រុម Lady Madrid, Duchess, Unicorn, Fancy និងក្រុម Ploy Team ឯពូល D មានក្រុម Wind Storm, Blue Papillions, Fantasy, Purple Rabbit និងក្រុម Dark Moon។
ចំពោះរូបមន្តនៃការប្រកួតវិញ ក្រុមទាំង ២០នេះ ត្រូវធ្វើការប្រកួតវិលជុំនៅតាមពូលរៀងៗខ្លួន ហើយក្រុមទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ តាមពូលទាំង៤ ត្រូវឡើងទៅប្រកួតគ្នា នៅវគ្គខ្វែង ៨ក្រុមចុងក្រោយ រួចយក ៤ក្រុមឈ្នះ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែមេសា៕