សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គ្រោងនឹងបង្កើតឲ្យមានការប្រកួតបាល់ទាត់ក្របខ័ណ្ឌអាយុក្រោម១៨ឆ្នាំ(U18) ជាបន្តទៀត បន្ទាប់ពីសហព័ន្ធមួយនេះ បានបញ្ចប់ការប្រកួតក្របខ័ណ្ឌអាយុក្រោម ១៤ឆ្នាំ និងក្រោម ១៦ឆ្នាំ រួមទាំងការប្រកួតបាល់ទាត់នារី ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍។
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាត់ទុកការរៀបចំឲ្យមានការប្រកួតបាល់ទាត់ U14, U16 និងបាល់ទាត់នារី ដែលបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧មកនោះ ថាជាការអនុវត្តតាមស្មារតីសម្រេចរបស់មហាសន្និបាតរបស់ FFC ក្នុងការពង្រឹងថ្នាក់ថ្នាល ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោកបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយការប្រកួត កាលពីថ្ងៃសៅរ៍នោះថា៖ «នេះជាឆ្នាំទី១ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអនុវត្តតាមស្មារតីសម្រេចមហាសន្និបាតរបស់ខ្លួន ក្នុងការរៀបចំឲ្យមានការប្រកួតកម្រិតថ្នាល ហើយឥឡូវនេះ យើងបានបញ្ចប់ដោយជោគជ័យ ហើយក្រុមដែលទទួលបានជយលាភី បានបង្ហាញពីភាពសប្បាយរីករាយខ្លាំង»។
លោក សៅ សុខា បានបន្ថែមថា៖ «ជោគជ័យសំខាន់មួយទៀត គឺការប្រកួតលើកនេះ គ្មានអ្នករបួសនោះទេ ដោយសារការប្រកួតយើងមានពិធីការត្រឹមត្រូវ ធ្វើឲ្យការប្រកួតទាំងមូល ដំណើរការទៅបានយ៉ាងរលូន និងទទួលបានជោគជ័យ ហើយយើងមានគណៈកម្មការវាយតម្លៃពីគុណភាពរបស់កីឡាករ ដើម្បីជ្រើសរើសអ្នកមានទេពកោសល្យ យកទៅបណ្តុះបណ្តាលបន្ថែមផងដែរ»។
តាមរយៈការប្រកួតផ្តាច់ព្រ័ត្រ ទាំង៣កម្រិត នៅទីលានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន មេមត់ ស្ថិតនៅខេត្តតត្បូងឃ្មុំ កាលពីថ្ងៃសៅរ៍នោះ ក្រុមសាលាបាត់ទាត់ជាតិ(បាទី) បានលត់ក្រុមខេត្តស្វាយរៀង ៧-១ ដើម្បីក្លាយជាម្ចាស់ជើងឯកកម្រិតU16 ហើយក្រុមនេះក៏បានពាន Fair Play ផងដែរ។ រីឯក្រុមខេត្តកោះកុង បានយកឈ្នះក្រុមយុវជនក្រសួងការពារជាតិ ៦-៤ ដើម្បីទទួលបានលេខ៣។
ចំណែកការប្រកួតU14 ក្រុមខេត្តព្រៃវែង បានយកឈ្នះក្រុមខេត្តកោះកុង ៤-០ ដើម្បីលើកពានមួយនេះ ឯក្រុមខេត្តកំពង់ស្ពឺ បានយកឈ្នះក្រុមយុវជនព្រះខ័នរាជស្វាយរៀង ៣-១ ដើម្បីយកលេខ៣ ខណៈពាន Fair Play បានទៅលើក្រុមខេត្តកោះកុង។
ដោយឡែក ការបាល់ទាត់នារី ក្រុមនារីខេត្តបាត់ដំបង បានយកឈ្នះក្រុមនារីខេត្តកំពង់ស្ពឺ ៣-២ ដើម្បីក្លាយជាម្ចាស់ជើងឯក ហើយក្រុមនារីខេត្តកំពង់ឆ្នាំង បានយកឈ្នះក្រុមខេត្តស្វាយរៀង ៤-៣ ដើម្បីយកលេខ៣ ប៉ុន្តែក្រុមនារីខេត្តស្វាយរៀង បានពាន Fair Play។
ចំពោះគម្រោងនៃការប្រកួត នៅឆ្នាំក្រោយទៀត លោក សៅ សុខា បានបញ្ជាក់ថា៖ «ការចាប់ផ្តើមរបស់FFC គឺឥឡូវនេះ យើងចាប់ផ្តើមលេងនៅកម្រិត U14 និង U16 ហើយនៅឆ្នាំក្រោយ យើងនឹងរៀបចំឲ្យមានការប្រកួត១កម្រិតទៀត គឺអាយុក្រោម១៨ឆ្នាំ ដើម្បីធានាឲ្យប្អូនៗ ដែលលើសអាយុពី១៦ឆ្នាំ នៅមានឱកាសលេងបាល់ទាត់ទៀត»។
លោកបានបន្ថែមថា៖ «នៅឆ្នាំបន្តទៀត រហូតដល់ឆ្នាំ២០២០ តាមគម្រោងយុទ្ធសាស្រ្តបាល់ទាត់ ក្នុងការកសាងក្រុមជម្រើសជាតិមួយដែលខ្លាំង សម្រាប់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ យើងនឹងរៀបចំឲ្យមានការប្រកួតបាល់ទាត់អាយុក្រោម២០ឆ្នាំ និង២២ឆ្នាំ ដែលកីឡាករនៅពេលនោះ នឹងចេញពីមហាវិទ្យាល័យ ដើម្បីចូលរួមប្រកួត ហើយអ្នកទាំងនោះ គឺក្រុមយុវជនថ្នាល ដែលយើងកំពុងអភិវឌ្ឍនៅពេលបច្ចុប្បន្ននេះ»៕