(ភ្នំពេញ)៖ មុនពេលដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលភាគច្រើនកីឡាករវ័យក្មេង ធ្វើដំណើរទៅប្រទេសឡាវកាលពីល្ងាចមិញ លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកបានបញ្ជាក់ពីមូលហេតុមួយចំនួន ដែលនាំឲ្យលោកសម្រេចចិត្តជ្រើសរើសកីឡាករវ័យក្មេងច្រើន ក្នុងនោះលោកបានអះអាងថា កៅអីក្រុមជម្រើសជាតិ លោកផ្ដល់ឱកាសឲ្យតែកីឡាករឧស្សាហ៍ជាប់ជម្រើស១១នាក់ ពេលលេងឲ្យក្លឹបប៉ុណ្ណោះ ពោលគឺមិនខ្វល់ជាកីឡាករវ័យក្មេង ឬកីឡាករជើងចាស់ឡើយ។

គ្រូបង្វឹកកម្រិត Pro-License នេះបានបញ្ជាក់ថា «ដូចខ្ញុំតែងតែនិយាយ ចំពោះកីឡាករអាចជ្រើសរើសមកចូលក្រុមជម្រើសជាតិ គឺតម្រូវឲ្យកីឡាករទាំងនោះ ជាប់ជម្រើស ១១នាក់ដំបូងឲ្យបានច្រើន ហើយពេលនេះ ទោះយើងមានកីឡាករក្មេងៗច្រើនដូចជា ម៉ាត់ ណូរុណ និងកីឡាករមកពីភ្នំពេញក្រោនមួយចំនួន ពួកគាត់តែងជាប់ជម្រើស ១១នាក់ជាប្រចាំ តែបើប្រៀបធៀបនឹងកីឡាករជើងចាស់មួយចំនួន គឺមិនមានភាពខុសប្លែកគ្នាប៉ុន្មានទេ ហើយជាក់ស្ដែងយើងក៏ឃើញកីឡាករជើងចាស់មួយចំនួន អង្គុយក្រៅទីលានដែរ»។

លោក ប្រាក់ សុវណ្ណារ៉ា បានបន្ថែមថា អ្វីដែលលោកជ្រើសរើស គឺលោកជឿជាក់លើសមត្ថភាពរបស់ពួកគេ ហើយរំពឹងថា ពួកគេនឹងសហការបានល្អជាមួយសិស្សច្បង ពិសេសកីឡាករលេងនៅលីគកំពូលម៉ាឡេស៊ីដូចជា ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន ជាដើម ដើម្បីឈានទទួលបានលទ្ធផលល្អក្នុងការប្រកួតនាពេលខាងមុខ។ មិនតែប៉ុណ្ណោះ លោកចង់រៀបចំក្រុមយុវជនក្រោមអាយុ ២១ឆ្នាំមួយឲ្យបានល្អបំផុត សម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ស្ដេចនៃប្រទេសព្រុយណេ នាខែមេសាខាងមុខ។

សូមបញ្ជាក់ថា កាលពីល្ងាចមិញ ក្រុមគោព្រៃកម្ពុជា បានហោះទៅប្រទេសឡាវហើយ ដើម្បីប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះនាថ្ងៃទី២១ ខែមីនាស្អែក ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ៕
ប្រភពពី: khmertalking