កង្វះខាតលើការហ្វឹកហាត់ជុំគ្នាគឺជាបញ្ហាចោទមួយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះឡាវ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅរដ្ឋធានីវៀងចន្ទន៍ នាល្ងាចថ្ងៃពុធ ទី២១ មីនា នេះ។ នេះបើតាមការលើកឡើងពីខ្សែបម្រើ ជារី ចន្ថាប៊ីន សមាជិកក្រុមគោព្រៃខៀវ។

កីឡាករកូនខ្មែរសញ្ជាតិបារាំងរូបនេះលើកឡើងថា សមាជិកទាំងអស់ជួបជុំគ្នាកម្ដៅសាច់ដុំបានតែមួយថ្ងៃប៉ុណ្ណោះ តែរំពឹងថា ការហ្វឹកហាត់បន្ថែមនៅវៀងចន្ទន៍ អាចបង្កើនទំនុកចិត្តឈានក្រសោបលទ្ធផលវិជ្ជមានពីម្ចាស់ផ្ទះឡាវ។

ជារី ចន្ថាប៊ីន ដែលកំពុងប្រកបអាជីពនៅក្លិប Terengganu FA នៃលីគកំពូលម៉ាឡេស៊ី ក៏ឆ្លៀតពោលសរសើរកីឡាករវ័យក្មេងទើបទទួលបានការកោះហៅលើកដំបូងចូលក្រុមជម្រើសជាតិផងដែរ។

គួរដឹងដែរថា ជំនួបមិត្តភាពជាមួយជម្រើសជាតិឡាវនៅថ្ងៃទី២១ មីនា នេះធ្វើឡើងដើម្បីត្រៀមសម្រាប់ការប្រកួតចុងក្រោយក្នុងពូលនៃវគ្គជម្រុះ AFC Asian Cup 2019 ទល់នឹងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ មីនា នៅប្រទេសតាហ្ស៊ីគីស្ថាន៕
Text By: keiladaily