បន្ទាប់ពីយកឈ្នះទាំងពិបាកលើក្រុមម្ចាស់ផ្ទះឡាវ ក្នុងជំនួបមិត្តភាពយប់មិញ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ជ័យជម្នះនេះ កើតឡើង ដោយសារគួបផ្សំនឹងសំណាង ព្រោះក្រុមជម្រើសជាតិឡាវ បានបង្ហាញពីទម្រង់លេងដ៏ល្អ មុននឹងពួកគេរបូត ១គ្រាប់នៅនាទី៨៦ ក្រោយការតែតបញ្ចូលទីពីសំណាក់កីឡាករ ឃួន ឡាបូរ៉ាវី ។

លោកថា ការប្រកួតនេះ គឺជាជំនួបមិត្ដភាពដ៏តានតឹងបំផុត ព្រោះក្រុមឡាវសហការគ្នាបានល្អ ហើយថែមទាំងមានឱកាសស៊ុតចំគោលដៅជាច្រើនលើកទៀតផង តែជារឿងសំណាង ដែលអ្នកចាំទី ស៊ូ យ៉ាទី សង្គ្រោះបាល់បានល្អ ។ យ៉ាងណាមិញលោកបានសរសេរកូនក្រុមខ្លួន ដែលព្យាយាមធ្វើបានល្អដូចគ្នា ពិសេសគឺលោកមានមោទនភាព ចំពោះការផ្ដល់ឱកាសឲ្យកីឡាករយុវជនលេងបានច្រើនតែម្ដង ។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិលក្ខណៈកម្ដៅសាច់ដុំរបស់ក្រុមគោព្រៃកម្ពុជានេះ គឺជាការត្រៀមលក្ខណៈសម្បត្តិ ដើម្បីចូលរួមប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2019 ប្រចាំពូលC ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅលើទឹកដីតាជីគីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ ៕