នៅថ្ងៃទី២១ ខែមីនានេះ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបើកវគ្គបណ្ដុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកម្រិតភពលោកលើកដំបូង នៅខេត្តកែប ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិកអន្ដរជាតិ ដែលបានបញ្ជូនគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាទូកក្ដោងពិភពលោកចំនួន ២នាក់ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់គ្រូបង្វឹកកីឡាទូកក្ដោងកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៥ថ្ងៃ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ដោយមានសិក្ខាកាម ២៧រូបចូលរួម (ស្រី៣នាក់) ក្រោមការបង្ហាត់បង្រៀនរបស់គ្រូជនជាតិសិង្ហបុរី គឺលោក Joe Chan និងលោក Joshan Choo ដែលលោកនឹងចែករំលែកចំណេះដឹងថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាទូកក្ដោងកម្ពុជាឲ្យកាន់តែរីកចម្រើន។

ឆ្លៀតក្នុងឱកាសនោះ លោក វ៉ាត់ ចំរើន បានផ្ដាំផ្ញើដល់សិក្ខាមចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាគ្រូបង្វឹកកម្រិតស្ដង់ដារ សម្រាប់បណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីទូកក្ដោងកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត តាមរយៈការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសគឺការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាផ្ទាល់តែម្ដង៕

អត្ថបទ៖ khmertalking