ភ្នំពេញ៖ កីឡាករឆ្នើមៗរបស់ក្រុមជម្រើសជាតិកម្ពុជា ៤រូប រួមមាន ចាន់ វឌ្ឍនាកា, ធារី ចន្ថាប៊ីន, កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម សុទ្ធតែត្រូវបានដាក់ឲ្យលេងក្នុងតង់ទី១(វឌ្ឍនាកា-ធារី ជាប់ជម្រើស ១១នាក់ដំបូង) នៅក្នុងជំនួបជាមួយក្រុមជម្រើសជាតិឡាវ កាលពីពេលថ្មីៗ។ ជុំវិញការប្រកួតនោះ លោក ប្រាក់ សុវណ្ណារ៉ា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះការបង្ហាញសមត្ថភាពរួមគ្នាលើកដំបូងរបស់ពួកគេ ក្រោយឈានទៅប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី។

គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានកោតសរសើរ ចំពោះការលេងដោយទំនុកចិត្តរបស់កីឡាករទាំង ៤រូបថា «ជាធម្មតាយើងដឹងហើយ លីគម៉ាឡេស៊ី អាចខ្លាំងជាងលីគកម្ពុជាបន្ដិច ដោយសារសម្បូរកីឡាករល្អៗ ហើយការប្រកួតប្រជែងខ្លាំងក្លា ចឹងបានឃើញគាត់មកលេងឲ្យជម្រើសជាតិ ពិសេសពេលប៉ះឡាវ…ដោយការសម្រេចរបស់ពួកគាត់ហាក់ធម្មតា មិនមានភាពខ្លាច លេងដោយទំនុកចិត្ត ពោលគឺប្លែកច្រើនមែនទែន បើធៀបនឹងការពួកគេលេងនៅលីគកំពូលកម្ពុជា»។

សូមបញ្ជាក់ថា ពេលនេះសមាជិកដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជាទាំង ៤រូប បាននឹងកំពុងធ្វើដំណើរលើយន្ដហោះជាមួយមិត្តរួមក្រុមដទៃទៀត ធ្វើដំណើរឆ្ពោះទៅប្រទេសតាជីគីស្ថាន ដើម្បីត្រៀមប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះបានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2019 ពូលC ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ។ កាលពីជើងទី១ កម្ពុជា បានយកឈ្នះអាហ្វាហ្គានីស្ថាន ១-០ លើទឹកដីខ្លួន។ ដូច្នេះចាំមើលជើងទី២ សប្ដាហ៍ក្រោយនេះ កម្ពុជាអាចយក ៣ពិន្ទុបន្ថែម ដើម្បីរក្សាកៅអីលេខ៣ ក្នុងពូលបានទេ?

Via: khmertalking