កីឡាករជើងខ្លាំងរបស់កម្ពជា ឡៅ ចន្ទ្រា នឹងត្រូវឡើងប្រកួតសងសឹកជាមួយអ្នកប្រយុទ្ធដ៏ខ្លាំងរបស់ថៃគឺ Noeng Trakan នៅលើសង្វៀន CNC នារសៀលថ្ងៃអាទិត្យនេះ ខណៈ មាស សុជាតិ ត្រូវឡើងប្រកួតបង្រ្គប់កិច្ចជាមួយថៃ Phan Chhai ក្នុងការប្រកួតជម្រុះដណ្តើមពានអន្តរជាតិ កំពូលអ្នកប្រដាល់កណ្តាប់ដៃ ISI Palm។

ការវិលមកជួបគ្នារវាង ឡៅ ចន្ទ្រា និង Noeng Trakan វាមិនត្រឹមតែជាការប្រកួតសងសឹកប៉ុណ្ណោះទេ ប៉ុន្តែជំនួបលើកនេះ វាបានក្លាយជាការប្រកួតដណ្តើមយក៣ពិន្ទុយ៉ាងសំខាន់បំផុត ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតបញ្ចប់វគ្គជម្រុះដណ្តើមពានអន្តរជាតិកំពូលអ្នកប្រដាល់កណ្តាប់ដៃ ISI Palm ក្នុងទម្ងន់៦៧គីឡូក្រាមនេះ ព្រោះអ្នកទាំង២នេះ សុទ្ធបានឈ្នះទាំង៣ប្រកួតដូចគ្នា។

ឡៅ ចន្ទ្រា ធ្លាប់បានចាញ់ពិន្ទុ Noeng Trakan ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមប្រាក់លាន នៅលើសង្វៀន CNC នេះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែសម្រាប់ការប្រកួតជម្រុះដណ្តើមពានអន្តរជាតិនេះ ឡៅ ចន្ទ្រា កំពុងឈរនៅចំណាត់ថ្នាក់លេខ១ ជាបណ្តោះអាសន្ន ព្រោះ ចន្ទ្រា បានផ្តួលគូប្រកួតឲ្យសន្លប់ទាំង៣លើក យកប្រៀបលើ Noeng Trakan។

នៅក្នុងការប្រកួតលើកទី១ ឡៅ ចន្ទ្រា បានផ្តួលថៃ Chhan Chhai ឲ្យសន្លប់នៅទឹកទី៣ រួចបន្តវ៉ៃកែងបណ្តាលឲ្យ Rong Nakpha សន្លប់ទឹកទី៤ និងបានបុកជង្គង់ Phan Chhai ឲ្យសន្លប់នៅទឹកទី៣ ខណៈ៣ប្រកួតរបស់ Noeng Trakan គឺបានយកឈ្នះ ពុទ្ធ ឆាយរិទ្ធ និង ឆៃ សារ៉ា ដោយពិន្ទុ មុនពេលផ្តួល មាស សុជាតិ។ ហេតុនេះទាំង ឡៅ ចន្ទ្រា និង Noeng Trakan ត្រូវការឈ្នះដូចគ្នា ដើម្បីទទួលបានលេខ១ មុនពេលអ្នកទាំង២នេះ ឡើងទៅប្រកួតខ្វែង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដោយឡែក មាស សុជាតិ របស់ក្លិបឃ្លាំងមឿន ត្រូវប្រកួតបង្រ្គប់កិច្ចជាមួយថៃ Phan Chhai ព្រោះអ្នកទាំង៣នេះ បានចាញ់ទាំង៣ប្រកួតដូចគ្នា និងធ្លាក់ចេញពីការប្រកួតនេះដូច ឆៃ សារ៉ា ដែរ។ ប៉ុន្តែ Rong Nakpha បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិហើយ ដោយឈ្នះ៣ និងចាញ់១ប្រកួត ចំណែក ពុទ្ធ ឆាយរិទ្ធី និង Chhan Chhai កំពុងរង់ចាំការសម្រេចរបស់គណៈកម្មការ ដើម្បីសម្រេចយកម្នាក់ក្នុងចំណោមពួកគេឡើងទៅវគ្គបន្ត ព្រោះអ្នកទាំង២នេះ មាន៨ពិន្ទុ ជាមួយការឈ្នះ២ និងចាញ់២ប្រកួតដូចគ្នា៕