ជំនួប​ដ៏​ជក់ចិត្ត​បំផុត​រវាង​អ្នក​លេង​គុន​ខ្មែរ​ ឡៅ​ ចន្រ្ទា​ និង​កីឡាករ​ថៃ​ នឹងត្រាក់កាន ​ម្សិលមិញ​នេះ​នៅ​សង្វៀន​ CNC​ ពេញចិត្ត​ ពេញ​ថ្លើម​អ្នក​ទស្សនា​តែ​ម្ដង​ ព្រោះ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មិន​​ធ្លាប់​​ចាញ់​ដូច​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​កន្លង​ទៅ​​ ខណៈ​ការ​ប្រកួត​នេះ​ក៏​ជា​ការ​សងសឹក​ទៀត​ផង។​

ឡៅ​ ចន្រ្ទា​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​សប្បាយ​រីករាយ​ជា​ខ្លាំង​ ដោយ​សងសឹក​បាន​វិញ​លើ​ជើង​ខ្លាំង​ថៃ​ នឹងត្រាក់កាន​ ហើយ​បើ​និយាយ​ពី​ការ​ប្រកួត​ម្សិលមិញ​នេះ​វិញ​ គឺ​មាន​ការ​ពិបាក​ដែរ​ ទម្រាំ​យក​ឈ្នះ​បាន។​

ឡៅ ចន្ទ្រា បាន​ប្រាប់​ថា វិធី​សាស្ត្រ​យក​ឈ្នះ​ជើង​ខ្លាំង​ខាង​លើ​នេះ​​គឺ​ដោយ​សារ​​វ៉ៃ​ចេញ​ឲ្យ​​បាន​ច្រើន​ ដើម្បី​​ជា​ការ​​​​សន្សំ​ពិន្ទុ​ ព្រោះ​គេ​ក៏​ល្អ​ដែរ​ ដូច្នេះ​មាន​តែ​វិធី​នេះ​ទើប​អាច​ឈ្នះ​បាន។ ​ចំណុច​ល្អមួយ​ទៀត​ គឺ​កម្លាំង​របស់​ខ្លួន​ក៏​​​លើ​អ្នក​ប្រដាល់​ថៃ​នេះ​ផង​ដែរ ។​ ជំនួប​លើក​ទី២​នេះ​ វា​ខុស​ពី​លើក​ទី១​ ដោយ​សារ​លើក​មុន​វ៉ៃ​៣ទឹក​ រូប​គេ​មិន​ធ្លាប់​ និង​ពេល​នោះ​រួម​ផ្សំ​មិន​បាន​ហ្វឹកហាត់​ដិតដល់​ទៀត​ផង។​

កីឡាករ​ ឡៅ​ ចន្រ្ទា​ ម្សិលមិញ​នេះ​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ​ នឹងត្រាក់កាន​ ដោយ​ពិន្ទុ​ នា​ជំនួប​ជុំ​ចុង​ក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់​ ISI​ របស់​សង្វៀន​ CNC។​ នៅ​ពេល​នេះ​រក​ឃើញ​ហើយ​ជើង​ខ្លាំង​ទាំង​ ៤រូប​ ដែល​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នោះ​មាន​ ឡៅ​ ចន្រ្ទា​, នឹងត្រាក់កាន,​ រុងណាផា​ និង​ ពុទ្ធ​ ឆាយរិទ្ធី​ ៕​

ប្រភពពី: Sabay