ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី៣១ ខែមីនាមានភាពផ្លាស់ប្តូរយ៉ាងខ្លាំងធ្វើឲ្យអ្នកប្រដាល់ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្ស បាត់បង់កៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រហើយ ។ មួយរយៈនេះគេសង្កេតឃើញថា សុខហ៊ុច បានឡើងប្រកួតរាល់សប្ដាហ៍ដោយមិនខ្វល់ពីសុខភាព និងការសម្រាកដើម្បីស្ដារកម្លាំងឲ្យបានល្អឡើងវិញឡើយ ។ ជាលទ្ធផលនៅក្នុងការប្រកួតរាល់សប្ដាហ៍បែបនេះធ្វើឲ្យ សុខហ៊ុច ទ្រោមខ្លួន និងឈឺសាច់ហើយធ្វើឲ្យរាងកាយទ្រុឌទ្រោមទៀតផង ។ ពេលនេះឱកាសដើម្បីប្រជែងយកលុយចំនួន ៥.០០០ដុល្លារសម្រាប់អ្នកឈ្នះ និង ៣.០០០ដុល្លារសម្រាប់អ្នកចាញ់នៅវគ្គផ្ដាច់ព្រ័ត្របានចាកឆ្ងាយពីរូបគេហើយ ។

ចំពោះ មឿន សុខហ៊ុច ដែលធ្លាប់តែទាត់ឲ្យគូប្រកួតខូចជើងនោះពេលជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ គ្រៀង ក្រៃ (Kreang Krai) បែរជាត្រូវអ្នកប្រដាល់ថៃរូបនេះវាយប្រហារជើងក្រោមវិញធ្វើឱ្យរូបគេខូចជើងក្រោមនៅទឹកទី១ មិនអាចបន្តការប្រកួតបានទៀត ។ អ្នកប្រដាល់កម្ពុជាដែលចូលចិត្តវាយប្រហារជើងក្រោមគូប្រកួតបរទេសតែពេលនេះគូប្រកួតបរទេសគេចាប់ផ្ដើមវាយប្រហារជើងក្រោមវិញធ្វើឲ្យអ្នកប្រដាល់ខ្មែរខូចជើងមុនគូប្រកួតទៅទៀត ។ បរាជ័យនេះបានផ្តល់ឱកាសឱ្យ ជឹម ចិត្រា មកពីក្លិបខ្លារខិនមានរិទ្ធដែលគេជឿថាទំនងជាមិនអាចតស៊ូជាមួយអ្នកប្រដាល់ថៃ សេន ឃូម (Sen Khum) បាននោះបែរជាប្រើជើងទាត់អ្នកប្រដាល់ថៃរូបនេះចំកញ្ចឹង ក បណ្ដាលឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ទៅវិញ ។

ជ័យជម្នះដែលមិននឹកស្មានដល់នេះធ្វើឱ្យ ចិត្រា បានទទួលបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ។ មួយជើងនេះគឺ សេន ឃូម ផ្តល់ជាកាដូឲ្យ ចិត្រា ដើម្បីទម្លាក់សុខហ៊ុច ព្រោះ ចិត្រា គឺជាអ្នកប្រដាល់ដែលងាយស្រួលផ្ដួលជាង សុខហ៊ុច ។ សម្រាប់វគ្គផ្តាច់ព្រ័ត្រ ចិត្រា នឹងប្រកួតផ្ដាច់ព្រ័ត្រជាមួយ គ្រៀង ក្រៃ ហើយកាលពីប្រកួតសន្សំពិន្ទុចិត្រា ធ្លាប់ត្រូវ គ្រៀង ក្រៃ ទាត់ឲ្យសន្លប់នៅទឹកទី១ ៕
Via: camsport.org