ភ្នំពេញ: កីឡាករ​ប្រដាល់​ជំនាញ​ប្រើ​ក្បាច់​កណ្តាប់ដៃ និង​ឈ្នះ​ខ្សែក្រវាត់​ច្រើន​ស្ថាប័ន​ជាង​គេ រឿង សោភ័ណ្ឌ របស់​ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​កីឡា​នៃ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ធ្វើ​ពិធី​សំណេះ​សំណាល​លើក​ទឹក​ចិត្ត និង​ផ្តល់​ប្រាក់​រង្វាន់​កាល​ពី​ល្ងាច​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​សហព័ន្ធ មុន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង នៅ​ថ្ងៃ​នេះ។

លោក​មៀម ស៊ីសារ៉ា ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ ដែល​ដឹក​នាំទៅ​ប្រកួត​បាន​ឲ្យ​ដឹងថា៖ «សោភ័ណ្ឌ ត្រូវ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ប្រទេស​បារាំង​ចំនួន ៣ ខែ ក្នុង​គម្រោង​ប្រកួត​ចំនួន ៣ លើក។ ការ​ប្រកួត​របស់​គេ​មាន​ចំនួន ៣ ប្រកួត ប៉ុន្តែ​នៅ​មិន​ទាន់​ដឹងថា​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ណា​នៅ​ឡើយ​ទេ​ពី​ព្រោះ​មាន​កីឡាករ​ប្រទេស​ច្រើន​ចូលរួម ហើយ​អ្វីៗ​វា​ស្ថិត​នៅ​លើ​ការ​ចាប់​ឆ្នោត នៅ​ពេល​ជិត​ដល់​ថ្ងៃ​ប្រកួត»។

លោក​បាន​បន្តថា៖ «ក្រៅពី​ការប្រកួត សោភ័ណ្ឌ នៅមាន​កាតព្វកិច្ច​មួយ​ទៀត​គឺ​ផ្សព្វផ្សាយ​ពី​កីឡា​ប្រដាល់​គុន​ខ្មែរ នៅ​ទ្វីប​អឺរ៉ុប ពី​ព្រោះ​ការ​ប្រកួត​នោះ​ភាគ​ច្រើន​ជា​អ្នក​ប្រដាល់​ជនជាតិ​អឺរ៉ុប ដែល​គេ​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ»។

លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ មាន​ប្រសាសន៍​ថា៖ «នេះ​ជាការ​ចេញទៅ​ប្រកួត​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ និង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ជាដើម»។

លោក​បន្តថា៖ «នៅ​ប្រទេស​បារាំង​ខុសពី​ស្រុក​ខ្មែរ​ទាំង​អាកាសធាតុ ពេលវេលា ហេតុ​នេះ​កីឡាករ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ហ្វឹក​ហាត់​ថែទាំ​សុខភាព ដើម្បី​ឲ្យ​ការ​ប្រកួត​ទទួល​បាន​លទ្ធផល​ល្អ ពី​ព្រោះ​ជា​មុខ​មាត់​របស់​ប្រទេស​ជាតិ»។

លោក​យុទ្ធ ភូ​ថង ប្រធានកិត្តិយស​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សំណូមពរ​ឲ្យ​សោ​ភ័​ណ្ឌ ខិតខំ​ហ្វឹក​ហាត់ និង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព ទោះបី​ចាញ់​ឬ​ឈ្នះ កុំ​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​ឲ្យ​សោះ ពី​ព្រោះ​រូបគេ​ចេញ​ទៅ​តំណាង​ឲ្យ​សហព័ន្ធ ក៏​ដូចជា​ប្រទេស​ទាំង​មូល។

លោក​បន្តថា៖ «កាលពី​ជិត ១០ ឆ្នាំមុន ប្រដាល់​ខ្មែរ​មិនសូវ​ល្បីល្បាញ​ដូច​បច្ចុប្បន្ន​នេះ​ទេ មិន​តែ​ប៉ុណ្ណោះ​សព្វថ្ងៃ​យើង​បាន​ដាក់​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​នេះ ចូល​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អន្តជាតិ​គឺ​ស៊ីហ្គេម​ជា​ផ្លូវការ​រួច​ទៅ​ហើយ ប៉ុន្តែ​ការ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ កីឡាករ​កម្ពុជា​យើង​នៅ​មាន​កម្រិត​ទាប​ជាង​នៅ​ឡើយ ហេតុ​នេះ​យើង​ត្រូវ​ប្រឹង​ប្រែង​បន្ថែម​ទៀត»។

ជាមួយនឹង​ការ​សំណេះ​សំណាល​នោះ លោក យុទ្ធ ភូថង និង​សប្បុរសជន​នានា មាន​ទីប្រឹក្សា​សហព័ន្ធ​បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយ​ចំនួន​ដល់​កីឡាករ​រឿង សោភ័ណ្ឌ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​មុន​នឹង​ចេញ​ទៅ​ប្រកួត​នា​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០១។ សោភ័ណ្ឌ ជា​អ្នក​ប្រដាល់​ពូកែ​កណ្តាប់ដៃ​ឆ្វេង ទឹក​ចិត្ត​ប្រកួត​រឹងមាំ វាយ​ច្បាស់​ដោយ​ស្នៀត​កណ្តាប់ដៃ​ចេញ​មាន​ប្រសិទ្ធ​ភាព​ទាំង​កែង កណ្ដាប់ដៃ ជង្គង់ និង​ទាត់។ រូបគេ​មាន​អាយុ ២៧ ឆ្នាំ មាន​ប្រវត្តិ​ប្រកួត​ចំនួន ១៦០ ដង ឈ្នះ ១៤០ ដង ចាញ់ ១៥ ដង ស្មើ​ពិន្ទុ ៥ ដង ក្នុង​នោះ​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន ៦៥ដ ង។

យោង​តាម​កម្មវិធី​ប្រកួត រឿង សោភ័ណ្ឌ ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ២០១៨ ក្នុង​ព្រឹត្តិការណ៍​ដែល​មាន​ឈ្មោះ​ថា The Fighters Night ក្នុង​កាស៊ីណូ Grand Cercle ប្រទេស​បារាំង ខណៈ​ដែល​អ្នក​ចូលរួម​ប្រកួត​មាន​មក​ពី​អាស៊ី និង​អីរ៉ុប ប្រមាណ​ជា ២០ ប្រទេស៕
Via: Postkhmer