ក្រុមបាល់ទាត់តំណាងឲ្យខេត្តកំពង់ចាម និងខេត្តប៉ៃលិន នឹងត្រូវប្រកួតការពារទីតាំងលេខ១របស់ពួកគេរៀងៗខ្លួន ក្នុងការប្រកួតជម្រុះថ្នាក់ខេត្ត សប្តាហ៍ទី៤ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ នៅថ្ងៃពុធនេះ ប៉ុន្តែទីតាំងលេខ១របស់ក្រុមខេត្តព្រះសីហនុ អាចនឹងរហូត ស្រប់ពេលពួកគេត្រូវសម្រាក។

តាមរយៈការប្រកួត ៣សប្តាហ៍កន្លងមកនេះ ក្រុមខេត្តកំពង់ចាម បានឈ្នះទាំង៣ប្រកួត នឹងកំពុងឈរនៅលេខរៀងទី១ ប្រចាំពូលB រីឯក្រុមខេត្តប៉ៃលិន បានឈ្នះទាំង២ប្រកួត ដើម្បីបន្តឈរនៅកំពូលតារាងប្រចាំពូលA ប៉ុន្តែសម្រាប់ការប្រកួតនៅសប្តាហ៍ទី៤នេះ ទាំងខេត្តកំពង់ចាម និងខេត្តប៉ៃលិន អាចនឹងជួបការប្រកួត ដែលតានតឹងជាងមុន ព្រោះខេត្តកំពង់ចាម ត្រូវប៉ះក្រុមយុវជនក្រសួងការពារជាតិ ហើយខេត្តប៉ៃលិន ត្រូវជួបគិរីវង់អេហ្វស៊ី។

ចំណែកក្រុមខេត្តព្រះសីហនុ ដែលកំពុងឈរនៅលេខ១ប្រចាំពូលD ដោយមាន៧ពិន្ទុ គឺអាចនឹងបាត់ទីតាំងមួយនេះ ស្របពេលពួកគេត្រូវសម្រាកនៅថ្ងៃនេះ ព្រោះក្រុមយុវជនថ្នាល់បាល់ទាត់ជាតិ U18 ដែលកំពុងឈរនៅលេខ២ មាន ៤ពិន្ទុ ត្រូវបានគេមើលឃើញថា អាចនឹងទទួលបាន ៣ពិន្ទុ ដើម្បីយកប្រើបលើខេត្តព្រះសីហនុ ជាមួយការមានគ្រាប់បាល់ចំណេញច្រើនជាង ដោយសារលើកនេះក្រុមថ្នាល់U18 ត្រូវជួបក្រុមខេត្តកែប ដែលកំពុងឈរនៅបាតាតារាងប្រចាំពូលនេះ ដោយចាញ់ទាំង ៣ប្រកួត។

ដោយឡែក ក្រុមខេត្តកំពង់ធំ ក៏ហាក់មានសម្ពាធផងដែរ សម្រាប់ការប្រកួតលើកនេះ ព្រោះពួកគេ ត្រូវយកឈ្នះលើក្រុមខេត្តព្រះវិហារ ជាដាច់ខាត ទើបអាចរក្សាតំបន់កំពូលតារាងប្រចាំពូលEរបស់ពួកគេ។ ផ្ទុយពីនេះ បើសិនខេត្តកំពង់ធំ ភ្លាត់ចាញ់ខេត្តព្រះវិហារ គឺតំណែងលេខ១ អាចនឹងធ្លាក់ទៅលើក្រុមខេត្តសៀមរាប ឬខេត្តឧត្តរមានជ័យ ដែលក្រុមទាំង២នេះ ត្រូវជួបគ្នាផងដែរ ខណៈពេលនេះ ខេត្តសៀមរាប ឈរនៅលេខ២ មាន៦ពិន្ទុ ហើយខេត្តឧត្តរមានជ័យ ឈរនៅលេខ៣ មាន៥ពិន្ទុ៕