ក្រុមបាល់ទាត់ខេត្តប៉ៃលិន ខេត្តកំពង់ធំ និងកំពង់ចាម នៅតែបន្តឈរនៅលើកំពូលតារាងតាមពូលរៀងៗខ្លួន ខណៈក្រុមទាំង៣នេះ នៅតែរកបានពិន្ទុបន្ថែម ក្នុងការប្រកួតជម្រុះថ្នាក់ខេត្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ កាលពីល្ងាច និងយប់ថ្ងៃពុធ ម្សិលមិញ ប៉ុន្តែក្រុមខេត្តព្រះសីហនុ បានធ្លាក់ពីកំពូលតារាងប្រចាំពូល D ហើយ។

ក្រុមម្ចាស់ផ្ទះប៉ៃលិន បានស្មើគ្នា ០-០ ជាមួយក្រុមគិរីវង់អេហ្វស៊ី ហើយលទ្ធផលនេះ ធ្វើឲ្យក្រុមប៉ៃលិន បានបញ្ចប់ការប្រកួតរបស់ខ្លួន ជាមួយការឈ្នះ២ និងស្មើ១ប្រកួត ហើយទទួលបានលេខ១ ប្រចាំពូល A ដោយស្វ័យប្រវត្តិ ខណៈគិរីវង់ បានធ្លាក់ទៅឈរនៅលេខរៀងទី៣ មាន ២ពិន្ទុ ហើយក្រុមខេត្តបាត់ដំបង បានយកឈ្នះក្រុមខេត្តកំពង់ឆ្នាំង ៣-២ ឡើងទៅឈរនៅលេខ២ មាន ៣ពិន្ទុ តែខេត្តកំពង់ឆ្នាំង បានចាញ់ទាំង ២ប្រកួត។

ដូចគ្នានេះ ក្រុមខេត្តកំពង់ចាម បានចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្រុមយុវជនក្រសួងការពារជាតិ តាមរយៈការស្មើគ្នា ០-០ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធ ម្សិលមិញ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមខេត្តកំពង់ចាម នៅតែបន្តឈរនៅកំពូលតារាងនៃពូលB ដោយមាន ១០ពិន្ទុ ឯក្រុមយុវជនក្រសួងការពារជាតិ បន្តឈរនៅលេខ៣ មាន ៧ពិន្ទុ។

ចំណែកក្រុមខេត្តព្រៃវែង បានស្មើ ១-១ ជាមួយក្រុមខេត្តកណ្តាល ដើម្បីបន្តឈរនៅលេខរៀងទី២ ដោយមាន ៧ពិន្ទុដែរ។ ប៉ុន្តែក្រុមខេត្តត្បូងឃ្មុំ បានលត់ក្រុមរងគ្រោះរបស់ខេត្តតាកែវ ១១-០ ដើម្បីឡើងមកឈរនៅលេខរៀងទី៤ ដោយមាន ៦ពិន្ទុ លើក្រុមខេត្តកណ្តាល វិញម្តង ដែលមាន ៣ពិន្ទុដដែល ខណៈក្រុមខេត្តតាកែវ បានចាញ់ទាំង ៤ប្រកួត។

ចំណែកតំបន់លេខ១ ប្រចាំពូលD ដែលក្រុមខេត្តព្រះសីហនុ ធ្លាប់បានគ្រប់គ្រងនោះ បានធ្លាក់ទៅលើក្រុមយុវជនបាល់ទាត់ជាតិU18 បន្ទាប់ពីក្រុមថ្នាល បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកែប ៥-០ ដើម្បីមាន ៧ពិន្ទុស្មើក្រុមខេត្តព្រះសីហនុ តែមានគ្រាប់បាល់ចំណេញច្រើនជាងនោះ។ រីឯក្រុមម្ចាស់ផ្ទះខេត្តកោះកុង បានយកឈ្នះខេត្តកំពត ១-០ ដើម្បីបន្តឈរនៅលេខ៣ ដោយមាន ៦ពិន្ទុ ខណៈខេត្តកំពត មាន៣ពិន្ទុដដែល តែខេត្តកែប បានបញ្ចប់ការប្រកួតជាមួយការចាញ់ទាំ៤លើក។

ផ្ទុយពីនេះក្រុមខេត្តកំពង់ធំ បានយកឈ្នះខេត្តព្រះវិហារ ៤-១ ដើម្បីបន្តឈរនៅលើកំពូលតារាងប្រចាំពូលE ដោយមាន ៩ពិន្ទុ ខណៈក្រុមខេត្តសៀមរាប បានស្មើ ៣-៣ ជាមួយក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យដើម្បីបន្តឈរនៅលេខ២ មាន៧ពិន្ទុ ស្មើជាមួយក្រុមស៊ីម៉ាក់ ដែលបានយកឈ្នះក្រុមខេត្តបន្ទាយមានជ័យ ៤-០ កាលពីម្សិលមិញនោះដែរ។ រីឯក្រុមឧត្តរមានជ័យ មាន៦ពិន្ទុ ខណៈខេត្តបន្ទាយមានជ័យ មាន ២ពិន្ទុ លើក្រុមខេត្តព្រះវិហារ ដែលមាន ១ពិន្ទុដដែល៕