(ភ្នំពេញ)៖ កីឡាករ ហេង សៅឌី ស្ដេចអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ បានបរាជ័យក្រោមថ្វីដៃកីឡាករ ប៊ិន គាសេង ស្ដេចអុករងឆ្នាំចាស់ហើយ សម្រាប់ប្រកួតបើកឆាកវគ្គជម្រុះដំណាក់កាលទី២ ដើម្បីចម្រាញ់រកជើងខ្លាំង ៨នាក់ ឆ្ពោះទៅចូលរួមប្រកួតអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៨ នៅខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ ។

សូមបញ្ជាក់ថា ការប្រកួតជម្រុះដំណាក់កាលទី២ គឺមានកីឡាករជើងខ្លាំងៗចំនួន ២៤នាក់ ដែលជម្រុះមកពីតាមមណ្ឌលចំនួន ៧ ទូទាំងប្រទេស ហើយបែងចែកជា ៦ពូលក្នុងមួយពូលមាន ៤នាក់ ។ សម្រាប់កីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ ត្រូវឡើងទៅវគ្គបន្ដ ដោយប្រកួតខ្វែងគ្នាលេខ១ ប៉ះលេខ២ រវាងពូលនីមួយៗ ។ បន្ទាប់មកកីឡាករទទួលបានជ័យជម្នះចំនួន ៦នាក់ នឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៨ ដោយស្វ័យប្រវត្តិ ខណៈកីឡាករចាញ់ៗ ៦នាក់ទៀត ត្រូវប្រកួតជម្រុះបន្ដរហូតរហូតជើងខ្លាំង ២នាក់ ដើម្បីបង្គ្រប់កៅអី ៨នាក់ សម្រាប់ប្រកួតអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៨៕