ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ នឹងត្រូវប្រកួតបញ្ចប់វគ្គជម្រុះតាមពូលថ្នាក់ខេត្ត នៅថ្ងៃពុធនេះ ដើម្បីបញ្ចប់ភាពមន្ទិល ក្នុងការឈ្នះចំនួន១៥ក្រុម ឡើងទៅប្រកួតវគ្គខ្វែង១៦ក្រុមចុងក្រោយ ជាមួយក្រុមខេត្តមណ្ឌលគិរី ដែលបានឈរចាំនៅវគ្គនេះ តំណាងឲ្យពូលC ដែលមានតែ១ក្រុម។

តាមរយៈការប្រកួត៤សប្តាហ៍ ន្លងមកនេះ ក្រុមខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តកំពង់ចាម សាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ ខេត្តព្រះសីហនុ និងក្រុមខេត្តកំពង់ធំ បានកក់កៅអីនៅវគ្គ១៦ក្រុម ដោយស្វ័យប្រវត្តិហើយ ដោយសារតែក្រុមទាំងនេះ ទទួលបានលទ្ធផលល្អ និងមានពិន្ទុដាច់ឆ្ងាយពីគូប្រកួតផ្សេងទៀត ដែលឈរនៅពូលជាមួយគ្នា។

ចំណែកក្រុមខេត្តព្រៃវែង ក្រុមយុវជនក្រសួងការពារជាតិ ក្រុមខេត្តត្បូងឃ្មុំ ខេត្តកោះកុង ខេត្តសៀមរាប ក្រុមស៊ីម៉ាក់អេហ្វស៊ី និងក្រុមខេត្តឧត្តរមានជ័យ ក៏មានភាពច្រើនច្រើន ក្នុងការទទួលបានឱកាសទៅប្រកួតនៅវគ្គបន្តផងដែរ ព្រោះក្រុមទាំងនេះ សុទ្ធតែរកឃើញការឈ្នះ ដែលអាចនឹងឆ្លងផុតវគ្គជម្រុះតាមពូលនេះ។

បន្ថែមលើនេះ ការប្រកួតជម្រុះតាមពូលថ្នាក់ខេត្ត ដែលមាន២២ក្រុមចូលរួមនេះ គឺគណៈកម្មការ បានកំណត់យកក្រុមបានលេខ១ ដល់លេខ៣ នៅតាមពូលA, B, D និង E ព្រមទាំងក្រុមលេខ៤ល្អចំនួន៣ក្រុម សរុប១៥ក្រុម ឡើងទៅប្រកួតនៅវគ្គ១៦ក្រុម ជាមួយក្រុមតំណាងឲ្យពូលC គឺ ខេត្តមណ្ឌលគិរី។

មានន័យថា មានតែក្រុមចំនួន៦ប៉ុណ្ណោះ ដែលត្រូវធ្លាក់ចេញពីការប្រកួតជម្រុះតាមពូលនេះ ខណៈក្រុមខេត្តតាកែង ដែលចាញ់ទាំង៤ប្រកួតជាប់ៗគ្នា ក្រុមខេត្តកែវ ដែលបានចាញ់ទាំង៤ប្រកួតដែរ ក្រុមខេត្តកំពង់ឆ្នាំង ដែលចាញ់ទាំង៣ប្រកួត និងក្រុមខេត្តព្រះវិហារ ដែលឈ្នះ១ និងចាញ់៣ដង អាចជាក្រុមដែលត្រូវធ្លាក់។ ចំណែកក្រុមខេត្តបន្ទាយមានជ័យ ក្រុមខេត្តកំពត និងក្រុមខេត្តកណ្តាល ក៏ជាមុខសញ្ញា ដែលត្រូវធ្លាក់ផងដែរ បើសិនជាក្រុមទាំងនេះ បន្តចាញ់ ក្នុងការប្រកួតលើកចុងក្រោយនេះ៕

កម្មវិធីប្រកួតទាំង៩គូ នៅថ្ងៃពុធនេះ
-យុវជនក្រសួងការពារជាតិ v ខេត្តតាកែវ កីឡដ្ឋានវេស្ទើន ព្រឹកម៉ោង ៨:៣០
-ខេត្តកំពង់ឆ្នាំង v គិរីវង់ កីឡដ្ឋានខេត្តកំពង់ឆ្នាំង ម៉ោង ៣:០០
-ខេត្តកណ្តាល v ខេត្តកំពង់ចាម កីឡដ្ឋានខេត្តកណ្តាល ម៉ោង ៣:០០
-ខេត្តព្រៃវែង v ខេត្តត្បូងឃ្មុំ កីឡដ្ឋានខេត្តព្រៃវែង ម៉ោង ៣:០០
-ខេត្តកំពត v ខេត្តព្រះសីហនុ កីឡដ្ឋានខេត្តកំពត ម៉ោង ៣:០០
-ក្រុមថ្នាលU18 v ខេត្តកោះកុង កីឡដ្ឋានទន្លេបាទី ម៉ោង ៣:០០
-ស៊ីម៉ាក់ v ខេត្តកំពង់ធំ កីឡដ្ឋានវេស្ទើន ម៉ោង ៣:០០
-ខេត្តសៀមរាប v ខេត្តបន្ទាយមានជ័យ កីឡដ្ឋានខេត្តសៀមរាប ម៉ោង ៣:០០
-ខេត្តព្រះវិហារ v ខេត្តឧត្តរមានជ័យ កីឡដ្ឋានខេត្តព្រះវិហារ ម៉ោង ៣:០០