ក្រុមបឹងកេត របស់កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុម Ceres-Negros របស់ហ្វីលីពីន ក្នុងការប្រកួតជម្រុះវគ្គចែកពូលពានរង្វាន់ AFC Cup 2018 នាល្ងាចម៉ោង ៦:៣០ ថ្ងៃពុធនេះ។

គ្រូបង្វឹករបស់ក្រុមបឹងកេត លោក កែវ កុសល នៅតែមានការបារម្ភទៅលើការប្រកួតនេះ ព្រោះ លោកគិតថា Ceres-Negros គឺជាក្រុមខ្លាំង ដែលពិបាកក្នុងការលេងជាមួយ ហើយការប្រកួតជើងទី១ នៅលើទឹកដីហ្វីលីពីន កន្លងមក Ceres បានលត់ក្រុមបឹងកេត រហូតដល់ ៩-០ និងកំពុងឈរនៅលេខ១ប្រចាំពូលF។

លោក កែវ កុសល បានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារ ម្សិលមិញថា៖ «ខ្ញុំគិតថា ការប្រកួតជាមួយ Ceres-Negros មានការលំបាក ព្រោះក្រុមនេះខ្លាំង និងកំពុងឈរលេខ១នៅក្នុងតារាង។ ពួកគេសម្បូរកីឡាករល្អៗ ដូច្នេះទាមទារឲ្យក្រុម ត្រូវតែប្រឹងប្រែងឲ្យបានខ្លាំង ព្រោះនេះជាការប្រកួតនៅលើទឹកដីរបស់យើង អ៊ីចឹងយើងត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីអ្នកគាំទ្រ និងបង្ហាញពីទម្រង់លេងរបស់យើង»។

ខ្សែប្រយុទ្ធមានល្បឿនលឿន Gbenga នឹងគ្មានវត្តមាននៅក្នុងការប្រកួតដ៏សំខាន់នេះទេ ដោយសាររូបគេ បានទទួលកាតក្រហម កាលបឹងកេត ចាញ់ក្រុម Home United របស់សិង្ហបុរី ៦-០ កាលពីថ្ងៃទី១៤ ខែមីនា។ លោក កុសល បាននិយាយថា៖ «ការបាត់បង់ Gbeng នៅក្នុងការប្រកួតដ៏តានតឹងមួយនេះ វាអាចប៉ះពាល់ដល់ការលេងរបស់យើងខ្លះដែរ តែយើងមាន ឃួន ឡាបូរ៉ាវី ជំនួសទីតាំងរបស់គាត់បានហើយ គឺយើងមានកីឡាករប៉ុណ្ណា យើងត្រូវប្រឹងប្រែងឲ្យអស់ទៅតាមហ្នឹង»។

ទោះបីជាយ៉ាងណា លោក កុសល បានមើលឃើញពីចំណុចខ្លាំងរបស់ក្រុម Ceres ដែលពិបាកក្នុងការទប់ទល់។ លោកនិយាយថា៖ «ចំណុចខ្លាំងរបស់ Ceres-Negros គឺបច្ចេកទេសផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗខ្លាំង មានន័យថា ការគ្រប់គ្រងបាល់ ការបញ្ជូនបាល់ និងការបំផ្លាស់ទីបានលឿន ហើយអ្វីដែលគេឈ្នះយើងមួយទៀត គឺកាយសម្បទា និងកម្លាំង»។

នៅពេលសួរថា តើបឹងកេត មានរំពឹងក្នុងការយកឈ្នះក្រុម Ceres ឬទេ? គ្រូបង្វឹកក្រុមបឹងកេត រូបនេះបានឆ្លើយតបថា៖ «មិនត្រឹមតែការប្រកួតជាមួយក្រុម Ceres លើកនេះទេ គឺគ្រប់ការប្រកួត យើងលេងដើម្បីឈ្នះ។ យើងទាមទារឲ្យកីឡាករម្នាក់ៗលេងឲ្យអស់ពីសមត្ថភាព ទាំងកម្លាំងកាយ កម្លាំងចិត្ត ពិសេសវិន័យ និងការសាមគ្គីក្នុងក្រុម តែលទ្ធផលយ៉ាងណានោះ យើងអត់ទាន់ដឹងទេ គ្រាន់តែថា ការប្រកួតយើងទាមទារឈ្នះ។ អ្វីដែលខ្ញុំរំពឹងនោះ គឺយើងត្រូវធ្វើឲ្យបានល្អ ជាងការប្រកួតលើកទី១ អាចថាពី ៩-០ មកចាញ់ត្រឹម១ទៅ២គ្រាប់ ឬស្មើ ហើយបើឈ្នះកាន់តែល្អ»។

ចំណែកខ្សែការពារ ហុង ផេង បាននិយាយថា៖ «រាល់ការប្រកួតយើងតែងរបូតគ្រាប់បាល់ អ៊ីចឹងយើងបានខំប្រឹងកែតម្រូវប្រព័ន្ធការពាររបស់យើង។ យើងក៏មិនអាចថា យើងអាចទប់ស្កាត់គេបានទេ ប៉ុន្តែយើងអាចខំប្រឹងលេងឲ្យអស់ពីសមត្ថភាព ពីអ្វីដែលបឹងកេត មាន ហើយចំពោះខ្ញុំ គឺខ្ញុំមើលឃើញថា Ceres មានកម្រិតខ្ពស់ជាងបឹងកេតឆ្ងាយ ហេតុនេះពួកយើង ត្រូវខំប្រឹងលេងឲ្យអស់ពីសមត្ថភាព»៕