លោក​ ឈិន​ ក្វាន់ចៃ​ ថា​ កីឡាករ​ រឿង​ សោភ័ណ្ឌ​ ម្នាក់​នេះ​មាន​ដុង​ពី​កំណើត​ រួម​ផ្សំ​និង​ការ​ខំប្រឹង​ហ្វឹកហាត់​ផង​នោះ​ ទើប​ធ្វើ​ឲ្យ​គេ​ខ្លាំង​កម្រិត​នេះ​ ហើយ​រាល់​ការ​ប្រកួត​ជា​មួយ​ដៃគូ​ គឺ​តែងតែ​មាន​ស្នៀត​ពិសេស​មួយ​សម្រាប់​ផ្ដាច់។​

ឈិន​ ក្វាន់ចៃ​ គ្រូ​របស់​ រឿង​ សោភ័ណ្ឌ​ ប្រាប់​ឲ្យ​ដឹង​ថា​ កូន​សិស្ស​របស់​លោក​ម្នាក់​នេះ​គឺ​ជំហរ​រឹងមាំ​ល្អ​ណាស់​ បើ​ទោះ​ជា​ត្រូវ​និង​ស្នៀត​របស់​ដៃគូ​ក៏​ដោយមិន​ងាយ​ស្រុត​នោះទេ ឬ​ដួល​សន្លប់​ស្រួល​ៗ​ឡើយ ពោល​នៅ​តតាំង​ជា​និច្ច។​

រឿង សោភ័ណ្ឌ​ ពេល​ឈ្នះ​ខ្សែក្រវាត់​ គុនខ្មែរពិភពលោក
គ្រូ​ប្រដាល់​វ័យ​៦៧​ឆ្នាំ​ខាង​លើ​បន្ត​ថា​ ដោយ​សារ​ សោភ័ណ្ឌ​ មាន​ទេពកោសល្យ​ពី​កំណើត​ រួម​ផ្សំ​និង​ចិត្ត​ចង់​ឈ្នះ​ ចង់​បាន​ ខណៈលោក​ព្យាយាម​បង្វឹក​ទាំង​ទ្រឹស្ដី​ និង​អនុវត្តស្នៀត​ពិសេសៗ​ផង​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គេ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​យក​ឈ្នះ​ដៃគូ​ ឬ​ផ្ដួល។​ រាល់​ការ​ប្រកួត​ការ​ប្រកួត​ធំៗ​របស់​គេ​ គឺ​តែងតែ​មាន​ទុក​ស្នៀត​ពិសេស​មួយ​សម្រាប់​ផ្ដួល​ដៃគូ​ ហើយ​ឲ្យ​តែ​ត្រូវ​ស្នៀត​នោះ​ដឹង​តែ​ចប់​ហើយ។​

រឿង សោភ័ណ្ឌ​ ពេលឈ្នះខ្សែក្រវាត់​នៅ​ CNC
មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ សោភ័ណ្ឌ​ អាច​ថា​ជា​អ្នក​ប្រដាល់​ប្រើ​ខួរក្បាល​ខ្ពស់​ ឬ​ឆ្លាត​ក្នុង​ការ​ប្រកួត​តែ​ម្ដង​ ពេល​ដៃគូ​ល្អ​យ៉ាង​ម៉េច​ ហើយ​ត្រូវ​ផ្លាស់ប្ដូរ​ស្នៀត​ថ្មី​ ទៅ​តាម​បច្ចេកទេស​ ពោល​ដូច​ជា​ប៉ះ​ ឡុង​ សុភី​ ផ្ដួល​ដោយ​កណ្ដាប់ដៃ​ និង​ផ្ដួល​ ពេជ្រ​ សីហា​ ដោយ​ក្បាច់​ទាត់​ក្ដាប់​ចាន​ទៅ​វិញ។​

រឿង សោភ័ណ្ឌ​ ពេលប៉ះជើង​ខ្លាំងថៃ
រឿង​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ម្កុដ​រាជសីហ៍​ កូន​សិស្ស​លោក​គ្រូ​ ឈិន​ ក្វាន់ចៃ​ បច្ចុប្បន្ន​កំពុង​នៅ​ឯ​ប្រទេស​បារាំង​ដើម្បី​ចូលរួម​ប្រកួត​កម្មវិធី​នានា​រយៈ​ពេល​៣ខែ​នៅ​ទីនោះ។​ ប្រកួត​ចុង​របស់​គេ​ផ្ដួល​កីឡាករ​បារាំង​ឲ្យ​សន្លប់​ និង​ឈ្នះ​ខ្សែក្រវាត់​១​ទៀត​ផង​ ហើយ​បើ​គិត​មក​ដល់​ពេល​នេះ​ គេ​មាន​ខ្សែក្រវាត់​ចំនួន​ ៧គ្រឿង​មក​ហើយ៕​
ប្រភពពី: Sabay