ភ្នំពេញ៖ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចភ្លាម ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញវត្តមានកីឡាករវ័យក្មេង ២រូប ដែលចម្រាញ់ចេញពីខេត្តសៀមរាប តាមរយៈក្លឹបបាល់ទាត់និចស្ដេប ដោយផ្ដល់កិច្ចសន្យារយៈពេល ៣ឆ្នាំដល់ពេលគេទៀតផង ។ នេះបើតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបកាលពីម្សិលមិញ ។

កីឡាករវ័យក្មេង ដែលត្រូវបានក្លឹបសមាជិកលីគកំពូលកម្ពុជាចុះកុងត្រាខាងលើ គឺមានកីឡាករ ចិន ណារក្ស និងកីឡាករ សុវណ្ណ ដូណា ដែលមាន ១៤ឆ្នាំ និងលេងក្នុងតួនាទីខ្សែការពារដូចគ្នា ។ ខ្សែការពារវ័យក្មេងនេះ ត្រូវបានក្លឹបអង្គរថាយហ្គឺរ សម្រេចជ្រើសរើសចុះកុងត្រា ដូចកីឡាករវ័យក្មេង ភាព ចាន់ដេវីត ដែលមានដើមកំណើតនៅខេត្តសៀមរាបដូចគ្នា ដើម្បីបង្កើនទំនាក់ទំនងក្លឹប និងខេត្តសៀមរាប ឲ្យកាន់តែជិតស្និត ។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៧ កន្លងទៅ ក្លឹបដឹកនាំដោយជនជាតិជប៉ុនមួយនេះ បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលម្ដងរួចមកហើយ បន្ទាប់ពីបានចុះកុងត្រារយៈពេល ១០ឆ្នាំជាមួយកីឡាករវ័យ ១៣ឆ្នាំ ភាព ចាន់ដេវីត ហើយថែមទាំងនាំយុវជនពោរពេញដោយទេពកោសល្យរូបនេះ ទៅហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសជប៉ុនទៀតផង ។ ក្រោមទិសដៅមួយនេះ ថ្នាក់ដឹកនាំក្រុមអង្គរថាយហ្គឺរ រំពឹងយ៉ាងមុតមាំថា វិស័យបាល់ទាត់ខេត្តសៀមរាប នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ៕
Via :camsports.org