ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​បាន​ឆ្លើយ​តប​ទៅ​គ្រូ​បង្វឹក​ Dollah Salleh ​របស់​ក្រុម Pahang ​វិញ​ហើយ ​ក្រោយ​ពី​គ្រូ​ម្នាក់​នេះ ​ចង់​ឃើញ​កីឡាករ​កម្ពុជា​លេង​ល្អ​ជាង​​បច្ចុប្បន្ន។

លោក Dollah ​ថា​ខ្លួន​រំពឹង​ច្រើន​ពី វឌ្ឍនាកា ​ជាង​ពេល​បច្ចុប្បន្ន​នេះ។ លោក​គិត​ថា​កីឡាករ​មាន​ដើម​កំណើត​នៅ​ខេត្ត​កំពត​នឹង​ធ្វើ​បាន​ល្អ ​ហើយ​ជួយ​ក្រុម​បាន​ច្រើន។ ដូច្នេះ​រូបគេ​ត្រូវ​ប្រឹងប្រែង​ហ្វឹកហាត់​បង្ហាញ​សមត្ថភាព​ជាង​ពេល​ឥឡូវ​។

ជាមួយ​គ្នា​ដែរ ​កីឡាករ​ពាក់​អាវ​លេខ​១១​បាន​និយាយ​ចំពោះ​រឿង​នេះ​ដែរ​ថា​ គេ​អាច​ធ្វើ​បាន​ល្អ​ និង​មាន​បំណង​រក​គ្រាប់​បាល់​បន្ថែម​ទៀត សម្រាប់​ក្រុម Pahang។ កីឡាករ​ដដែល​បន្ត​ថា ប្រសិនបើ​ខ្លួន​អាច​ធ្វើ​ដូច្នេះ​បាន នោះ​ការ​លេង​របស់​គេ​នឹង​មាន​ការ​រីកចម្រើន​។

វឌ្ឍនាកា បាន​អះអាង​ថា​ ខ្លួន​នឹង​ព្យាយាម​បន្ថែម​ទៀត ក្នុង​ការ​លេង​ឲ្យ​ក្លឹប​បាល់ទាត់ Pahang FA នៅ​ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុមខ្លាំង Johor Darul Ta’zim (JDT) ជើង​ទី​ពីរ វគ្គ​៨ក្រុម​ចុងក្រោយ ពាន​រង្វាន់ FA Cup ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី២០ ខែ​មេសា ​ឆ្នាំ ២០១៨​វេលា​ម៉ោង៨​យប់។ ត្បិត​អី​ក្រុម​មួយ​នេះ ​កំពុង​មាន​បញ្ហា​កីឡាករ​របួស​ដូចជា ខ្សែប្រយុទ្ធ Forkey Doe និង ខ្សែ​ការពារ Matthew Davies សុទ្ធតែ​មាន​បញ្ហា​របួស។ កាលពី​ជើង​ទី​មួយ​ Pahang បាន​ត្រឹម​លទ្ធផល​ស្មើ ០-០ ជាមួយ JDT តែ​ប៉ុណ្ណោះ​៕
ប្រភពពី: Sabay