ក្រុមចំណូលថ្មី វិសាខា ហាក់មានរំពឹងខ្ពស់ ក្នុងការយកឈ្នះក្រុមកំពុងឈរនៅបាតតារាង វេស្ទើន ដែលបានចាញ់ទាំង ៤ប្រកួតជាប់ៗគ្នា សម្រាប់ការវិលមកកាន់ទីលានជាថ្មី ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

គ្រូបង្វឹកក្រុមវិសាខា គ្រោងនឹងប្រើការប្រកួតនេះ ដើម្បីបង្ហាញឲ្យឃើញពីទម្រង់លេងដ៏ល្អរបស់ខ្លួនឡើងវិញ បន្ទាប់ពីក្រុមមួយនេះ បានជួបការបរាជ័យ ដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោមស្នាដៃក្រុមអាស៊ីអឺរ៉ុប ២-០ កាលពីថ្ងៃទី៧ ខែមេសា កន្លងមកនេះ ហើយលោក ហុក សុជីវ័ន បានបង្ហើបថា វាមានបញ្ហាច្រើន ដែលបណ្តាលឲ្យវិសាខា ចាញ់អាស៊ីអឺរ៉ុប កន្លងមកនេះ។

យ៉ាងណាក៏ដោយគ្រូបង្វឹកក្រុមវិសាខារូបនេះ បានប្រាប់ថា៖ «បន្ទាប់ពីបានចាញ់១ប្រកួតក្រោមស្នាដៃក្រុមអាស៊ីអឺរ៉ុប យើងបានផ្លាស់ប្តូរច្រើន ព្រោះទម្លាប់ដែលអាក្រក់ៗ យើងបានដកចេញ ហើយយើងដាក់មកវិញនូវអ្វីដែលជាទម្លាប់ល្អសម្រាប់ក្រុមរបស់យើង»។

ទាក់ទងទៅនឹងការជួបក្រុមវេស្ទើន នៅកីឡដ្ឋានវេស្ទើន នារសៀលម៉ោង៣ ថ្ងៃសៅរ៍នេះ លោក ហុង សុជីវ័ន បាននិយាយថា៖ «យើងបានឃើញពីសមត្ថភាពរបស់ក្រុមគេ ការលេងរបស់គេ ដែលយើងមានសង្ឃឹមច្រើនក្នុងការឈ្នះ ប៉ុន្តែសម្រាប់ខ្ញុំគ្រប់ការប្រកួត ទោះខ្សោយ ទោះខ្លាំង គឺបាល់ទាត់អត់មានអីប្រាកដនោះទេ អ៊ីចឹងយើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ពេល បើទោះបីជាយើងឃើញក្រុមគេរាងខ្សោយ និងបានចាញ់ទាំង៤ប្រកួតកន្លងមកក៏ដោយ»។

សម្រាប់ការប្រកួត ៤សប្តាហ៍កន្លងមកនេះ ក្រុមវិសាខា បានឈ្នះក្រុមអគ្គសនីកម្ពុជា ៤-០ ឈ្នះក្រុមអង្គរថាយហ្គឺរ ២-០ ស្មើក្រុមភ្នំពេញក្រោន ០-០ មុនពេលចាញ់ក្រុមអាស៊ីអឺរ៉ុប ២-០។ លទ្ធផលចុងក្រោយនេះ បានទាញវិសាខា ឲ្យធ្លាក់ចេញពីតំបន់ Top4 មកឈរនៅលេខ៥ ដោយមាន ៧ពិន្ទុស្មើជាមួយក្រុមប៉ូលិស និងភ្នំពេញក្រោន ប៉ុន្តែតិចជាងក្រុមកំពុងឈរនៅកំពូលតារាង ណាហ្គាវើល និងក្រុមឈរនៅលេខ២ បឹងកេត ដែលមាន១០ពិន្ទុស្មើគ្នា ហើយក្រោមក្រុមក្រសួងការពារជាតិ ដែលកំពុងឈរនៅលេខ៣ មាន៩ពិន្ទុ៕