ការប្រកួតបាល់ទាត់ពាក់កណ្តាលអាជីពមួយ ដែលមានឈ្មោះថា ខ្មែររៀលអ៊ីស្ទេតលីក ឆ្នាំ២០១៨ (Khmer Real Estate League 2018) នឹងចាប់ដំណើការប្រកួតសប្តាហ៍ទី១ នៅលើទីលានដំរីស និងទីលានក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯក និងប្រមូលថវិកាមួយចំនួនពីការប្រកួតនេះ ទៅជួយដល់មន្ទីរពេទ្យគន្ធរបុប្ផា។

ចំពោះពានរង្វាន់ ដែលត្រូវបានបង្កើតឡើងដោយលោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន ខ្មែរ រៀស អ៊ីស្ទេត និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា តាំងពីឆ្នាំ២០១២មួយនេះ គឺបានទទួលយកក្រុមចំនួន២០ ឲ្យចូលរួមប្រកួតប្រជែង នៅក្នុងរដូវកាលទី៧ ឆ្នាំ២០១៨នេះ។

ក្រុមទាំង២០ នេះមានក្រុមម្ចាស់ជើងឯក Bayon Wanderers, ក្រុមម្ចាស់ជើងឯករង២សម័យកាល Khmer United, RFL, Tun Sorng, Kampong Cham, Anachak TK, Avatar FT, Anvaya, Kon Khmer, Law FC, Bassac, HHK, Snor Youth, Tang Kok, Giant, Blue Dragon, PP Mambo, Wat Koh, V.Train និងក្រុម Reil PP។

លោក គីម ហ៊ាង ដែលជាស្ថាបនិកពានមួយនេះ និងគណៈកម្មការរៀបចំការប្រកួត បានឯកភាពកែប្រែរូបមន្តប្រកួត ដោយមិនបានបែងចែកការប្រកួតទៅតាមពូលដូចមុនៗទៀតនោះទេ គឺកំណត់ឲ្យក្រុមទាំង២០ ខាងលើនេះ ត្រូវប្រកួតប្រជែងគ្នា តាមរូបមន្តលីកវិលជុំ ចំនួន ១៩សប្តាហ៍ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានដំរីស និងទីលាននៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី២១ និងទី២២ ខែមេសា តទៅ។
ក្រុមដែលទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងការប្រកួតវិលជុំចំនួន ១៩លើកនោះ នឹងក្លាយជាម្ចាស់ជើងឯកខ្មែររៀលអ៊ីស្ទេតលីកនេះ តែម្តង។ ចំណែកក្រុមលេខ២ ដល់លេខ៥ នឹងត្រូវដាក់ឲ្យប្រកួតខ្វែងដណ្តើមយកពាន Khmer Real Estate Cup 2018 ហើយសម្រាប់ការប្រកួតនៅសប្តាហ៍ទី១ នាថ្ងៃទីសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ គឺក្រុមទាំង២០ ត្រូវប្រកួតទាំងអស់ តាមកម្មវិធីដូចខាងក្រោម៖

ទីលានដំរីស នៅរសៀលថ្ងៃសៅរ៍
– RFL v Tun Sorng ម៉ោង ១៤:០០
– Kampong Cham v Anachak TK ម៉ោង ១៦:០០

ទីលានដំរីស នៅថ្ងៃអាទិត្យ
– Avatar FT v Anvaya ម៉ោង ៧:៣០
– Kon Khmer v Law FC ម៉ោង ៩:០០
– HHK v Snor Youth ម៉ោង ១៤:០០
– Khmer United v Tang Kok ម៉ោង ១៦:០០

ទីលានភូមិន្ទភ្នំពេញ នៅថ្ងៃអាទិត្យ
– Bayon v Giant ម៉ោង ៧:៣០
– Blue Dragon v PP Mambo ម៉ោង ៩:០០
– Bassac v Wat Koh ម៉ោង ១៤:០០
– V.Train v Reil PP ម៉ោង ១៦:០០