ការប្រកួតថ្នាក់ខេត្តពានរង្វាន់សម្តេចហ៊ុនសែន លើកទី១២ ឆ្នាំ២០១៨ នឹងត្រូវធ្វើការប្រកួតវគ្គខ្វែង ១៦ក្រុមចុងក្រោយ នៅលើទីលានចំនួន៨ ផ្សេងពីគ្នា នារសៀលម៉ោង៣ ថ្ងៃពុធនេះ ប៉ុន្តែមានត្រឹម ១គូប៉ុណ្ណោះ ដែលត្រូវប្រកួតនៅភ្នំពេញ គឺពហុកីឡដ្ឋានជាតិ ក្រៅពីនោះ ប្រកួតនៅតាមខេត្តទាំងអស់។

គេនៅមិនទាន់ប្រាកដថា ក្រុមណាខ្លះ ដែលនឹងឈ្នះក្នុងការប្រកួតវគ្គខ្វែង ១៦ក្រុមនេះ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនោះទេ ប៉ុន្តែប្រកួត ៣គូ ត្រូវបានគេមើលឃើញថា មានភាពស្វិតស្វាញខ្លាំង គឺការជួបគ្នារវាងក្រុមខេត្តកំពង់ចាម និងខេត្តសៀមរាប, ការប៉ះគ្នារបស់គិរីវង់អេហ្វស៊ី និងយុវជនក្រសួងការពារជាតិ ព្រមទាំងជំនួបរវាងក្រុមស៊ីម៉ាក់អេហ្វស៊ី និងខេត្តព្រះសីហនុ ព្រោះក្រុមទាំង៦នេះ សុទ្ធតែធ្វើបានល្អ ក្នុងការប្រកួតជម្រុះតាមពូលកន្លងមកនេះ។

ប៉ុន្តែក្រុមយុវជនបាល់ទាត់ជាតិ U18ឆ្នាំ ដែលមានការហ្វឹកហាត់ត្រឹមត្រូវ ក្រោមការទំនុកបម្រុងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះ ត្រូវបានគេមើលឃើញថា អាចនឹងមានភាពរកខ្ពស់ ក្នុងការយកឈ្នះក្រុមខេត្តឧត្តរមានជ័យ។

ចំណែកក្រុមខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពត ដែលបានឡើងមកដល់វគ្គ ១៦ក្រុមនេះ ក្នុងនាមជាក្រុមលេខ៤ល្អនោះ ក៏អាចនឹងមានសង្ឃឹម ក្នុងការទទួលបានលទ្ធផល ផងដែរ ដោយសារក្រុមទាំង៣នេះ ត្រូវជួបក្រុមមានមូលដ្ឋាននៅខេត្តដូចគ្នា ពិសេសក្រុមខេត្តព្រៃវែង និងខេត្តកំពត សុទ្ធតែចាប់ឆ្នោតប៉ះចំធ្វើជាម្ចាស់ផ្ទះ៕

កម្មវិធីប្រកួតទាំង៨គូ ក្នុងវគ្គ១៦ក្រុម នៅរសៀលម៉ោង៣ ថ្ងៃពុធនេះ
– ក្រុមពូលC ខេត្តមណ្ឌលគិរី v ក្រុមលេខ១ពូលA ខេត្តប៉ៃលិន នៅកីឡដ្ឋានខេត្តមណ្ឌលគិរី
– ក្រុមលេខ៣ពូលD ខេត្តកោះកុង v ក្រុមលេខ៣ពូលB ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានខេត្តកោះកុង
– ក្រុមលេខ៤ល្អពូលD ខេត្តកំពត v ក្រុមលេខ៣ពូលA ខេត្តបាត់ដំបង នៅកីឡដ្ឋានខេត្តកំពត
– ក្រុមលេខ៤ល្អពូលB ខេត្តព្រៃវែង v ក្រុមលេខ៤ល្អពូលE ខេត្តកំពង់ធំ នៅកីឡដ្ឋានខេត្តព្រៃវែង
– ក្រុមលេខ២ពូលA គិរីវង់អេហ្វស៊ី v ក្រុមលេខ២ពូលB យុវជនក្រសួងការពារជាតិ នៅកីឡដ្ឋានគិរីវង់
– ក្រុមលេខ២ពូលE ស៊ីម៉ាក់អេហ្វស៊ី v ក្រុមលេខ២ពូលD ខេត្តព្រះសីហនុ នៅពហុកីឡដ្ឋានជាតិ
– ក្រុមលេខ៣ពូលE ខេត្តឧត្តរមានជ័យ v ក្រុមលេខ១ពូលD យុវជនបាល់ទាត់ជាតិU18 នៅកីឡដ្ឋានខេត្តឧត្តរមានជ័យ
– ក្រុមលេខ១ពូលB ខេត្តកំពង់ចាម v ក្រុមលេខ១ពូលE ខេត្តសៀមរាប នៅកីឡដ្ឋានខេត្តកំពង់ចាម