ខេត្តឧត្តរមានជ័យ ជាក្រុមម្ចាស់តែមួយគត់ ដែលបានធ្លាក់ចេញពីការប្រកួតថ្នាក់ខេត្តពានរង្វាន់សម្តេចហ៊ុនសែន លើកទី១២ ឆ្នាំ២០១៨ ប៉ុន្តែក្រុមចំនួន៧ទៀត សុទ្ធតែទទួលបានជ័យជម្នះ ក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីឡើងទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ។

តាមរយៈការប្រកួតវគ្គខ្វែង១៦ក្រុមចុងក្រោយ នៅលើទីលានផ្សេងៗគ្នា ដែលបានបញ្ចប់ កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ក្រុមខេត្តឧត្តរមានជ័យ បានចាញ់ក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ ៣-១ បន្ទាប់ពីក្រុមទាំង២ បានស្មើគ្នា ១-១ នៅតង់ទី១ ប៉ុន្តែការចាញ់នេះ វាមិនធ្វើឲ្យក្រុមខេត្តឧត្តរមានជ័យ ខកចិត្តនោះទេ ព្រោះពួកគេ ចាញ់ក្រុមថ្នាល ដែលជាតំណាងឲ្យកម្ពុជា សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ផ្ទុយពីនេះក្រុមខេត្តមណ្ឌលគិរី ខេត្តកោះកុង ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពត ក្រុមគិរីវង់អេហ្វស៊ី និងក្រុមស៊ីម៉ាក់អេហ្វស៊ី សុទ្ធតែទទួលបានជ័យជម្នះ ក្នុងនាមជាម្ចាស់ផ្ទះដូចគ្នា ដើម្បីបន្តដំណើរឡើងទៅប្រកួតនៅវគ្គ៨ក្រុម ដែលនឹងត្រូវធ្វើនៅថ្ងៃទី២ ខែឧសភា ខាងមុខនេះ ប៉ុន្តែក្រុមឈ្នះទាំង៨នេះ តម្រូវឲ្យធ្វើការចាប់ឆ្នោត មុនការប្រកួតដូចវគ្គ១៦ក្រុមនេះដែរ។


លទ្ធផលការប្រកួតទាំង៨គូ ក្នុងវគ្គ១៦ក្រុម កាលពីថ្ងៃពុធ
-ក្រុមពូលC ខេត្តមណ្ឌលគិរី ៥-២ ក្រុមលេខ១ពូលA ខេត្តប៉ៃលិន
-ក្រុមលេខ៣ពូលD ខេត្តកោះកុង ៤-៣ ក្រុមលេខ៣ពូលB ខេត្តត្បូងឃ្មុំ (ឈ្នះដោយបាល់ប៉េណាល់ទី ក្រោយស្មើគ្នា ០-០ ក្នុងការប្រកួតពេញម៉ោង)
-ក្រុមលេខ៤ល្អពូលD ខេត្តកំពត ៤-០ ក្រុមលេខ៣ពូលA ខេត្តបាត់ដំបង
-ក្រុមលេខ៤ល្អពូលB ខេត្តព្រៃវែង ៥-២ ក្រុមលេខ៤ល្អពូលE ខេត្តកំពង់ធំ
-ក្រុមលេខ២ពូលA គិរីវង់អេហ្វស៊ី (ម្ចាស់ផ្ទះ) v ក្រុមលេខ២ពូលB យុវជនក្រសួងការពារជាតិ
-ក្រុមលេខ២ពូលE ស៊ីម៉ាក់អេហ្វស៊ី ២-០ ក្រុមលេខ២ពូលD ខេត្តព្រះសីហនុ
-ក្រុមលេខ៣ពូលE ខេត្តឧត្តរមានជ័យ ៣-១ ក្រុមលេខ១ពូលD យុវជនបាល់ទាត់ជាតិU18
-ក្រុមលេខ១ពូលB ខេត្តកំពង់ចាម ៤-០ ក្រុមលេខ១ពូលE ខេត្តសៀមរាប