ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២១ឆ្នាំកម្ពុជា-U21 នឹងត្រូវជួបក្រុម U21ឡាវ នាល្ងាចថ្ងៃទី២៨ ខែមេសាស្អែកនេះ នៅក្នុងជំនួបបើកឆាកពូលB នៃពានរង្វាន់ Hassanal Bolkiah Trophy 2018 នៅលើទឹកដីប្រទេសប្រ៊ុយណេ ។

សម្រាប់ការប្រកួតនេះ ក្រុម U21កម្ពុជា ហាក់មានប្រៀបលើក្រុមឡាវ ២ចំណុច បន្ទាប់ពីក្រុម U21ឡាវ ត្រូវសិង្ហបុរី លត់ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃពុធ ។ ទី១៖ កម្ពុជា បានទស្សនាឡាវ ប្រកួតជាមួយសិង្ហបុរី ដើម្បីដឹងពីចំណុចខ្សោយ មុនជួបខ្លួន និងទី២៖ កម្ពុជាត្រូវការឈ្នះឡាវ ត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ទោះសល់មួយប្រកួតក្នុងដៃជាមួយសិង្ហបុរីក៏ដោយ ។

ប៉ុន្ដែករណីក្រុមគោព្រៃជំទង់កម្ពុជា មិនអាចយកឈ្នះឡាវ ឬស្មើគ្នាវិញ ក្រុមដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា ត្រូវចាំអ៊ុតលទ្ធផលប្រកួតចុងក្រោយជាមួយក្រុម U21សិង្ហបុរី នាថ្ងៃទី៣០ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដី រកក្រុមឡើងវគ្គខ្វែងជាមួយក្រុមជើងខ្លាំង ២ក្រុមទៀត នៃពូលA ៕
Via: khmertalking