នៅទីបំផុត ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ (U21) បានរកឃើញឱកាស ដើម្បីបន្តដំណើរឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ស្តេចប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ជាផ្លូវការហើយ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុម U21 សិង្ហបុរី ១-០ ទាំងលំបាក កាលពីយប់ថ្ងៃចន្ទ។

សម្រាប់ការប្រកួតនៅកីឡដ្ឋាន Trac & Field Sport Complex កាលពីយប់ថ្ងៃចន្ទនោះ ខ្សែបម្រើ សុះ ស៊ូហាណា ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះឲ្យកម្ពុជា នៅនាទីទី២៣ គឺបន្ទាប់ពីអ្នកចាំទីរបស់ក្រុមសិង្ហបុរី បានចាប់បាល់ស៊ុតដោយខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា ភ្លាតត្រឡប់មកវិញ នាំឲ្យ ស៊ូហាណា ស្ទុះទៅស៊ុតបាល់នោះបញ្ចូលទីយ៉ាងស្រួល។

យ៉ាងណាក៏ដោយ ក្រោយការរកបានគ្រាប់បាល់នាំមុខ ១-០ នេះ ខ្សែបម្រើ ម៉ាត់ ណូរុន របស់កម្ពុជា ដែលបានព្យាយាមរត់ទៅតែតបាល់បញ្ចូលទីនោះ ត្រូវបានខ្សែការពារក្រុមសិង្ហបុរី Irfan Fadi Ahmad លោតធាក់ចំក្រោមចង្ការរបួសជាទម្ងន់ និងត្រូវបានគ្រូពេទ្យដេរអស់ជាង ២០ថ្នេរឯនោះ។

ជាមួយហេតុការនេះ អាជ្ញាកណ្តាលបានត្រឹមផ្តល់កាតលឿងឲ្យ Irfan Fadi Ahmad ប៉ុន្តែខាងកម្ពុជា បានធ្វើការតវ៉ាចំពោះហេតុការណ៍នេះ ទើបអាជ្ញាកណ្តាលសម្រេចពិន័យកាតក្រហមឲ្យខ្សែការពាររបស់ក្រុមសិង្ហបុរីម្នាក់នេះវិញ នៅនាទីទី៣៤។ យ៉ាងណាក៏ដោយ កម្ពុជា មិនអាចរកបានគ្រាប់បាល់បន្ថែមទេ ទោះក្រុមសិង្ហបុរី នៅសល់សមាជិកត្រឹម ១០នាក់ នៅលើទីលានក៏ដោយ។
ទោះបីជាយ៉ាងណា ការយកឈ្នះក្រុម U21 សិង្ហបុរី ១-០ នេះបានជួយឲ្យក្រុម U21 កម្ពុជា បានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ២ ប្រចាំពូលB ដោយពួកគេត្រូវជួបក្រុមលេខ១ ពូល A មីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ។ រីឯក្រុមលេខ១ សិង្ហបុរី ត្រូវជួបក្រុមលេខ២ ពូល A ទីម័រខាងកើត នៅថ្ងៃនោះផងដែរ៕