ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ (U16) នឹងត្រូវធ្វើការប្រកួតបើកឆាកប្រចាំពូលB នៃពានរង្វាន់ AFF U16 GIRLS’ CHAMPIONSHIP 2018 ជាមួយក្រុម U16 ឡាវ នៅទីក្រុង ប៉ាឡាមបាង ប្រទេសឥណ្ឌូនេស៊ី នាល្ងាចម៉ោង៤ ថ្ងៃពុធនេះ ខណៈពូល A បានបើកការប្រកួត កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ។

សម្រាប់ការប្រកួតថ្នាក់តំបន់មួយនេះ ក្រុម U16 កម្ពុជា ដែលដឹកនាំដោយគ្រូបង្គោល មាស សំអឿន បានឈរនៅពូល B ជាមួយក្រុមថៃ ឡាវ និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ខណៈពូល A មានក្រុមហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី និងក្រុមម៉ាឡេស៊ី។

ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំទាំង ២១ ទើបតែបានធ្វើការហ្វឹកហាត់ នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី បាន ២ថ្ងៃទេ បន្ទាប់ពីពួកគេ បានធ្វើដំណើរទៅដល់ប្រទេសមួយនេះ កាលពីល្ងាចថ្ងៃអាទិត្យ កន្លងមកនេះ។

សម្រាប់ការជួបក្រុមកីឡាការិនីជម្រើសជាតិឡាវ ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋាន Jakabaring Stadium នាល្ងាចម៉ោង៤ ថ្ងៃពុធនេះ អាចជាការប្រកួតដ៏ល្អមួយ សម្រាប់ក្រុមកម្ពុជា ក្នុងការស្វែងរក៣ពិន្ទុ ព្រោះការបន្តទៅជួបក្រុមថៃ និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី អាចនឹងមានភាពតានតឹងជាងនេះ។ រីឯក្រុមនារីរបស់ថៃ ក៏ត្រូវប្រកួតបើកឆាកប្រចាំពូលនេះ ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅល្ងាចម៉ោង៤ ថ្ងៃនេះដែរ៕