ក្រុមជម្រើជាតិកម្ពុជាអាយុក្រោម ២១ឆ្នាំ (U21) នឹងត្រូវធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមម្ចាស់ជើងឯក មីយ៉ាន់ម៉ា ក្នុងពានរង្វាន់ស្តេចប្រ៊ុយណេ Hassanal Bolkiah Trophy 2018 នៅយប់ម៉ោង ៧:១៥ ថ្ងៃពុធនេះ ដើម្បីស្វែងរកឱកាសឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូង។

បើតាមប្រវត្តិជួបគ្នាចំនួន២លើកកន្លងមក ក្នុងពានរង្វាន់ស្តេចប្រ៊ុយណេនេះ ក្រុមជម្រើសជាតិកម្ពុជា មិនធ្លាប់ឈ្នះក្រុមមីយ៉ាន់ម៉ា នោះទេ គឺពួកគេបានចាញ់ទាំង២ប្រកួតយ៉ាងជូរចត់បំផុត គឺបានចាញ់ ៧-០ កាលពីឆ្នាំ២០០២ និងបន្តចាញ់ ៧-០ ដដែល សម្រាប់ការវិលមកជួបគ្នា ក្នុងវគ្គជម្រុះតាមពូល កាលពីឆ្នាំ២០០៧។

បន្ថែមលើកំណត់ត្រានេះ ក្រុមកម្ពុជា ធ្លាប់បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែម្តងគត់ កាលពីឆ្នាំ២០០៧ ដោយកាលនោះពួកគេ ទទួលបានលេខ២ប្រចាំពូលB ក្រោមក្រុមមីយ៉ាន់ម៉ា តែកម្ពុជា បានឡើងទៅចាញ់ក្រុមថៃ រហូតដល់ ១០-១ ឯណោះ។

ផ្ទុយពីនេះ ក្រុមមីយ៉ាន់ម៉ា បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ការចូលរួមពានរង្វាន់ស្តេចប្រ៊ុយណេនេះ ទាំង៥លើកតែម្តង ដោយក្នុងនោះពួកគេទទួលបានចំណាត់ថ្នាក់លេខ២ នៅឆ្នាំ២០០៥ និងឆ្នាំ២០០៧ និងបានលេខ៣ នៅឆ្នាំ២០០២ ខណៈឆ្នាំ២០០២ និងឆ្នាំ២០១២ ពួកគេបានចាញ់ក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រ ទាំង២លើក។ ប៉ុន្តែក្រុមមីយ៉ាន់ម៉ា បានក្លាយជាម្ចាស់ជើងឯក នៅឆ្នាំ២០១៤ ក្រោយពួកគេបានឈ្នះក្រុមវៀតណាម ៤-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ដោយឡែក ការប្រកួតនៅឆ្នាំ ២០១៨ នេះ ក្រុមមីយ៉ាន់ម៉ា នៅតែបានបង្ហាញទម្រង់លេងយ៉ាងល្អ ដើម្បីទទួលបានលេខ១ប្រចាំពូលA ដោយពួកគេ បានយកឈ្នះក្រុមទីម័រខាងកើត ២-០ ឈ្នះម្ចាស់ផ្ទះប្រ៊ុយណេ ១-០ និងស្មើជាមួយក្រុមថៃ ១-១ ដែលបានធ្លាក់ចេញពីការប្រកួតនេះហើយ។ ចំណែគក្រុមកម្ពុជា បានចាញ់ក្រុមឡាវ ២-១ មុនពេលឈ្នះក្រុមសិង្ហបុរី ១-០ ដើម្បីទទួលបានលេខ២ប្រចាំពូលB និងបានឡើងមកវគ្គបន្ត លើកនេះ។

យោងតាមលទ្ធផលនេះ ត្រូវបានគេមើលឃើញថា កម្ពុជា នៅតែមានការលំបាក ក្នុងការយកឈ្នះលើក្រុមមីយ៉ាន់ម៉ា ក្នុងការវិលមកជួបគ្នា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ រីឯការជួបគ្នារវាងក្រុមលេខ១ពូលB សិង្ហបុរី និងក្រុមលេខ២ពូលA ទីម័រខាងកើត នៅយប់ថ្ងៃពុធនេះដែរ ក៏មិនទាន់ដឹងថា ក្រុមណា នឹងឈ្នះ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ នោះដែរ៕