ក្រុមគិរីវង់អេហ្វស៊ី ខេត្តកំពង់ចាម សាលាវបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ ស៊ីម៉ាក់អេហ្វស៊ី ខេត្តកោះកុង ខេត្តព្រៃវែង ខេត្តកំពត និងក្រុមខេត្តមណ្ឌលគិរី ដែលសុទ្ធតែជាក្រុម បានឡើងមកដល់វគ្គ ៨ក្រុម នៃការប្រកួតថ្នាក់ខេត្តពានរង្វាន់សម្តេចហ៊ុនសែន លើកទី១២ ឆ្នាំ២០១៨ នឹងត្រូវប្រជែងគ្នា នៅរសៀលម៉ោង៣ ថ្ងៃពុធនេះ ដើម្បីស្វែងរកក្រុមឈ្នះចំនួន៤ ត្រូវឡើងទៅប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិ ជាមួយក្រុមលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ទាំង១២ក្រុម។

តាមរយៈការចាប់ឆ្នោតរបស់ CNCC កន្លងមកនេះ គឺក្រុមខេត្តកោះកុង ក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ ខេត្តកំពត និងក្រុមខេត្តកំពង់ឆ្នាំ សុទ្ធតែអាចមានប្រៀបលើគូប្រកួតរបស់ខ្លួន ព្រោះក្រុមទាំង៤នេះ ត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ក្រុមក្រុមគិរីវង់អេហ្វស៊ី ក្រុមស៊ីម៉ាក់អេហ្វស៊ី ខេត្តព្រៃវែង និងក្រុមខេត្តមណ្ឌលគិរី។

ក្រុមខេត្តកោះកុង នឹងត្រូវស្វាគមន៍ក្រុមខេត្តព្រៃវែង នៅកីឡដ្ឋានខេត្តកោះកុង ស្របពេលក្រុមសាលាបាល់ទាត់ជាតិបាទី ត្រូវទទួលក្រុមស៊ីម៉ាក់អាស៊ី នៅមជ្ឈមណ្ឌលសាលាបាត់ទាត់ជាតិបាទី។ រីឯក្រុមខេត្តកំពត ត្រូវបើកកីឡដ្ឋានរបស់ខ្លួន ទទួលក្រុមខេត្តមណ្ឌលគិរី ហើយក្រុមគិរីវង់ ត្រូវធ្វើដំណើរទៅជួបក្រុមខេត្តកំពង់ចាម នៅកីឡដ្ឋានខេត្តកំពង់ចាម ខណៈការប្រកួតទាំង៤គូនេះ ត្រូវធ្វើឡើង នៅរសៀលម៉ោង៣ដូចគ្នាទាំងអស់។

យ៉ាងណាក៏ដោយ ក្រុមម្ចាស់ផ្ទះសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ និងក្រុមខេត្តកំពង់ចាម ត្រូវបានគេមើលឃើញថា សុទ្ធតែប្រឈមនូវការប្រកួតដែលតានតឹង ព្រោះក្រុមស៊ីម៉ាក់អេហ្វស៊ី និងគិរីវង់អេហ្វស៊ី សុទ្ធតែជាក្រុម ដែលធ្លាប់លេងនៅលីកកំពូលកម្ពុជា មុនពេលពួកគេធ្លាក់ចេញ កាលពីឆ្នាំ២០១៧។

លោក ផាន់ ចាន់ផាត គ្រូបង្គោលក្រុមគិរីវង់អេហ្វស៊ី បានប្រាប់ថា៖ «បើទោះបីជា ក្រុមរបស់យើងបានធ្លាក់ពីលីកកំពូល ប៉ុន្តែយើងបានត្រៀមខ្លួនជានិច្ច ហើយការជួបក្រុមខេត្តកំពង់ចាម លើកនេះ យើង ពិតជាត្រូវការឈ្នះជាចាំបាច់ ដើម្បីបានឡើងទៅប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិ ជាមួយក្រុមលីកកំពូល ហើយយើងមានសង្ឃឹមខ្ពស់ ក្នុងការសម្រេចបំណងមួយនេះ»៕