អ្នក​ប្រដាល់​រហស្សនាម​កណ្ដាប់​ដៃ​ថ្ម​ ម៉ឺន​ សុភា​ ឃើញ​ វ៉ាត់ឆារ៉ាឡេក​ គ្រវី​ក្បាល​មិន​សូវ​ពេញ​ចិត្ត​និង​លទ្ធផល​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ អាច​សុំ​ជួប​គ្នា​ម្ដង​ទៀត​បាន​ ប៉ុន្តែ​ពេល​ចប់​ខ្សែក្រវាត់​ស្រាបៀ​លីអូ ​នេះ​សិន។​

ម៉ឺន​​ សុភា(ក្រហម)
ម៉ឺន​ សុភា​ ប្រាប់​ឲ្យ​ដឹង​ថា​ ជំនួប​លើក​ទី៥​ កាល​ពី​ថ្ងៃអាទិត្យ​ ទី២៩​ មេសា​ កន្លង​ទៅ​នេះ​ ជា​មួយ​ជើង​ខ្លាំង​ថៃ​ វ៉ាត់ឆារ៉ាឡេក​ នៅ​តែ​ស្វិតស្វាញ​ តឹងតែង​ដដែល​ មិន​ថា​ខ្លួន​ឯង​ ឬ​ថៃ​នោះ​ឡើយ។​ ប៉ុន្តែ​ជំនួប​លើក​នេះ​ វា​ខុស​ប្លែក​ពី​៤លើក​មុន​ខ្លះ​ៗ​ដែរ​ ពោល​គឺ​ម្ដង​នេះ​ថៃ​ខាង​លើ​ ហាក់​មិន​សូវ​ញញើត​នោះ​ទេ​ ហើយ​ហ៊ាន​ឈរ​វ៉ៃ​តតាំង​ និង​មិន​សូវ​ថយ​ប៉ុន្មាន​ឡើយ។​

ម៉ឺន​​ សុភា(ក្រហម)
ម្ចាស់​មេដាយ​ប្រាក់​មក​ពី​ម៉ាឡេស៊ី​រូប​នេះ​បន្ថែម​ថា​ បន្ទាប់​ពី​ប្រកាស​លទ្ធផល​ហើយ​ មើល​ឃើញ​ថា​ អ្នក​ប្រដាល់​ឆ្លងដែន​មក​ពី​ថៃ​ខាង​លើ​ គ្រវី​ក្បាល​ និង​បញ្ចេញ​កាយវិការ​មិន​សូវ​ពេញ​ចិត្តលទ្ធផល​ដែល​ឲ្យ​គេចាញ់​។​ សុភា​ ចង់​ប្រាប់​ទៅ​ វ៉ាត់ឆារ៉ាឡេក​ ដែរ​ថា​ បើ​ចង់​ជួប​គ្នា​ម្ដង​ទៀត​ ខ្លួន​ស្វាគមន៍​ តែ​សុំ​ចប់​ខ្សែក្រវាត់​សិន។​

ម៉ឺន​​ សុភា(ក្រហម)
រំលឹក​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ស្រាបៀ​លីអូ ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ គឺ​ ម៉ឺន​ សុភា​ ឈ្នះ​ពិន្ទុ​ វ៉ាត់ឆារ៉ាឡេក​ ចំណែក​ ឡុង​ សុភី​ ឈ្នះ​ រ៉ាស៊ីសឹង្ហា​ ដោយ​ពិន្ទុ​ដូច​គ្នា។​ អ្នក​ប្រដាល់​កម្ពុជា​ទាំង​ពីរ​រូប​នេះ​នឹង​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​យក​លេខ១​ នា​ពាក់កណ្ដាល​ខែ​ឧសភា​ ខាង​មុខ​នៅ​សង្វៀន​បាយ័ន៕​

ប្រភពពី: Sabay