ភ្នំពេញ៖ បន្ទាប់ពីរកឃើញបេក្ខភាពប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ខេត្ត លើកទី១២ នៅវេលាម៉ោង ១១ព្រឹកនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC នឹងរៀបចំកម្មវិធីចាប់គូប្រកួតនៅទីស្នាក់ការរបស់ខ្លួន មុនឈានដល់ការប្រកួតផ្លូវការ នាថ្ងៃទី១២ ខែឧសភាខាងមុខ ។

ចំពោះបេក្ខភាព ៤ក្រុមចុងក្រោយ ដែលត្រូវចាប់គូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹកនេះ រួមមានក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ, ក្រុមគិរីវង់អែហ្វស៊ី, ខេត្តកំពត និងខេត្តកោះកុង ដើម្បីកំណត់ក្រុមធ្វើជាម្ចាស់ទឹកដី សម្រាប់ប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ។ បន្ថែមលើនេះ ក្រុមទាំង ៤ ក៏សុទ្ធតែទទួលបានកៅអីបន្ដដំណើរទៅចូលរួមការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ នាខែកក្កដាខាងមុខផងដែរ ៕

Via: khmertalking