ភ្នំពេញ៖ ក្រោយប្រកួតចាញ់ក្រុមបាល់ទាត់នារី U16ឡាវ ៣-១ ថ្ងៃបើកឆាកពូលB នៃពានរង្វាន់ AFF U16 Girls’ Championship 2018 ក្រុមបាល់ទាត់ជម្រើសជាតិនារីក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមបាល់នារី U16 របស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ីវិញម្ដង នាល្ងាចថ្ងៃទី០៤ ខែឧសភានេះ ។

នេះគឺជាការប្រកួតដ៏សំខាន់របស់កម្ពុជា ក៏ដូចជាក្រុមម្ចាស់ផ្ទះផងដែរ ក្រោយរបូត ៣ពិន្ទុរៀងៗខ្លួន កាលពីប្រកួតបើកឆាក ពោលគឺក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួន ក្នុងការប្រកួតទី២ នេះ ដើម្បីបន្ដក្ដីសង្ឃឹមឆ្ពោះទៅដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្ដែបើសិនក្រុមបាល់ទាត់នារី U16 របស់កម្ពុជា និងឥណ្ឌូនេស៊ី បន្ដបរាជ័យ ក្រុមនោះនឹងអស់ឱកាសឡើងវគ្គបន្ដ ។

ដោយឡែកចំពោះលទ្ធផលពូលA ជាបណ្ដោះពេលនេះ ក្រុមបាល់ទាត់នារី U16 វៀតណាម និងម៉ាឡេស៊ី កំពុងឈរលំដាប់កំពូលតារាង ដោយមា ៤ពិន្ទុស្មើគ្នា ក្រោយទទួលបានជ័យជម្នះក្នុងការប្រកួតទី២ របស់ខ្លួនកាលពីល្ងាចមិញ ក្នុងនោះវៀតណាមបានយកឈ្នះក្រុមសិង្ហបុរី ៤-០ ខណៈក្រុម U16នារីម៉ាឡេស៊ី បានយកឈ្នះក្រុមកីឡាការិនីហ្វីលីពីន ដោយលទ្ធផល ២-០ ៕
ប្រភពពី: khmertalking