ខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី អាចនឹងបន្តអវត្តមាន នៅពេលក្រុមជម្រើជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ ត្រូវប្រកួតដណ្តើមយកពានរង្វាន់ស្តេចប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ក្នុងវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមទីម័រខាងកើត នៅពហុកីឡដ្ឋាន Hassanal Bolkiah National Stadium នាយប់ម៉ោង ៧:៣០ ថ្ងៃសៅរ៍នេះ។

សម្រាប់ការប្រកួត៣លើកកន្លងមកនេះ ឃួន ឡាបូរ៉ាវី បានបង្ហាញវត្តមានតែការប្រកួតជម្រុះតាមពូល មួយភ្លេតៗ ក្នុងនាមជាកីឡាករជម្រើសទី២ របស់លោក ប្រាក់ សុវណ្ណរ៉ា ប៉ុណ្ណោះ ហើយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃពុធ គឺពេលដែលកម្ពុជា បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ២-១ នោះ គឺ ឃួន ឡាបូរ៉ាវី មិនបានចូលលេងតែម្តង។

ទាក់ទងនឹងបញ្ហានេះ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមកម្ពុជា បានប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា៖ «គាត់មានបញ្ហាសុខភាពតិចតួច កម្លាំងអត់ទាន់គ្រប់គ្រាន់ អ៊ីចឹងយើងអត់ទាន់ហ៊ានដាក់ឲ្យគាត់លេង»។

យ៉ាងណាមិញ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ជាមួយក្រុមទីម័រខាងកើត នៅយប់ថ្ងៃសៅរ៍នេះ គេនៅមិនទាន់ដឹងថា ឃួន ឡាបូរ៉ាវី អាចជាពីជំងឺ និងចូលរួមជួយក្រុមបាន ឬយ៉ាងណាទេ? ប៉ុន្តែលោក ប្រាក់ សុវណ្ណារ៉ា បានបញ្ជាក់ថា កីឡាករផ្សេងទៀត អត់មានបញ្ហារបួស ឬជាប់ពិន័យកាតឡើយ គឺពួកគេអាចចូលលេងបាន លើកលែងតែ ម៉ាត់ ណូរុន ដែលមានរបួសក្រោមចង្កាធ្ងន់ ដេរអស់ជាង២០ថ្នេរ កាលជួបក្រុមសិង្ហបុរី កាលពីថ្ងៃទី៣០ ខែមេសា។

ជាមួយគ្នានេះដែរ លោក ប្រាក់ សុវណ្ណារ៉ា ហាក់មានរំពឹងខ្ពស់ ក្នុងការដឹកនាំក្រុមកម្ពុជា យកឈ្នះក្រុមទីម័រខាងកើត ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បើទោះបីជា ក្រុមទីម័រខាងកើត បានយកឈ្នះក្រុមសិង្ហបុរី ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏ដោយ។