កីឡាករជើងខ្លាំង ឡៅ ចន្ទ្រា និង ពុទ្ធ ឆាយរិទ្ធី នឹងត្រូវប្រឈមមុខដាក់គ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតដណ្តើមពានអន្តរជាតិកំពូលអ្នកប្រដាល់ដៃដែក ISI Palm ទម្ងន់៦៧គីឡូក្រាម នៅលើសង្វៀន CNC នារសៀលថ្ងៃអាទិត្យនេះ ហើយអ្នកប្រដាល់ថៃ Noeng Trakan និង Rong Napha ក៏ត្រូវប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ក្នុងពេលជាមួយគ្នានោះផងដែរ។

យ៉ាងណាក៏ដោយ នៅមុនការប្រកួតដណ្តើមយកខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់យ៉ាងច្រើននេះ ពុទ្ធ ឆាយរិទ្ធី ដែលមានអាយុច្រើនជាង ឡៅ ចន្ទ្រា នោះ បានសរសេរទៅដល់ភាពខ្លាំងរបស់ ចន្ទ្រា ថា មានស្នៀតប្រយុទ្ធល្អគ្រប់ក្បាច់ទាំងអស់ គឺទាំងក្បាច់ជង្គង់ កែង កណ្ដាប់ដៃ វាយចេញបានរហ័ស និងមានប្រសិទ្ធភាពល្អ។

ជាមួយការមើលឃើញពីភាពខ្លាំងនេះ ពុទ្ធ ឆាយរិទ្ធី របស់ក្លិបពុទ្ធសេរីវង់កីឡា មិនបានបង្ហាញមហិច្ឆតា និងក្តីរំពឹងខ្ពស់ ក្នុងការយកឈ្នះលើ ឡៅ ចន្ទ្រា របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ប៉ុន្មានឡើយ ដោយរូបគេបាននិយាយថា៖ «សម្រាប់ការជួបគ្នាវគ្គផ្ដាច់ព្រ័ត្រនេះ អ្នកណាឈ្នះក៏មិនថ្វីដែរ សំខាន់ឲ្យតែខ្មែរ ជាអ្នកពានអន្តរជាតិមួយនេះ»។

ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កន្លងមកនេះ ពុទ្ធ ឆាយរិទ្ធី បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ សរសេរមិនដាច់ពីមាត់ពីការប្រឹងប្រែងប្រកួតរបស់គេ ដើម្បីយកឈ្នះជើងខ្លាំងរបស់ថៃ Noeng Trakan ដោយពិន្ទុ ខណៈជំនួសក្នុងវគ្គជម្រុះ ពុទ្ធឆាយរិទ្ធី បានចាញ់ពិន្ទុថៃម្នាក់នេះដាច់នោះ។

ចំណែក ឡៅ ចន្ទ្រា បានយកឈ្នះដោយពិន្ទុលើកីឡាករថៃ Rong Napha ទាំងលំបាកបំផុត គឺមិនមែនងាយស្រួលដូចការប្រកួតវគ្គជម្រុះ ដោយរូបគេបានវាយកែងឲ្យ Rong Napha សន្លប់នៅទឹកទី៤នោះទេ។ យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតទាំង៥លើក ក្នុងពានអន្តរជាតិនេះ ឡៅ ចន្ទ្រា បានឈ្នះគ្រប់ការប្រកួតទាំងអស់៕