លោក ហ៊ីម ស្លៃម៉ាន់ គ្រូ​បង្គោលក្រុម​បាល់ទាត់សម្ព័ន្ធ គណៈកម្មាធិការសម្របសម្រួលនិស្សិត និង បញ្ញវន្ដកម្ពុជា បាន​បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ KMH Cup U18 នៅពេលខាងមុខ ដ្បិតប្រព្រឹត្តទៅចំ​អំឡុង​ខែបុណ្យរ៉ាម៉ាដន របស់សាសនាឥស្លាម។

គ្រូបង្វឹកក្រុម​មានមូលដ្ឋាននៅច្រាំងចំរេះឲ្យដឹងថា សមាជិកក្រុុម​ខ្លួនភាគច្រើនជាខ្មែរឥស្លាម ហើយអំឡុងបុណ្យរ៉ាម៉ាដននេះ សាសនិកជនទាំងអស់មិនអាចបរិភោគអាហារ និង ផឹកទឹកបានឡើយ ចាប់ពីពេលព្រឹកដល់ម៉ោង​៦ល្ងាច ដែលនេះធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការប្រមូលផ្ដុំហ្វឹកហាត់ និង ប្រកួត។

លោក ហ៊ីម ស្លៃម៉ាន់ ប្រាប់ថា កំពុង​រិះរកវិធីសម្របសម្រួលបញ្ហានេះឲ្យបានប្រសើរឡើងកុំឲ្យប៉ះពាល់ដល់ការប្រកួត។​គ្រូ​បង្វឹកដដែលឲ្យដឹងថា បុណ្យរ៉ាម៉ាដន នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ពាក់កណ្ដាលខែកក្កដា ខណៈវគ្គផ្ដាច់ព្រ័ត្រ KMH Cup U18 ធ្វើឡើងនៅថ្ងៃទី០១ ខែ​មិថុនា។

គួរដឹងដែរថា ក្រុមសម្ព័ន្ធ គ.ស.ន.ប.ក បានបញ្ចប់កំពូល​តារាងវិលជុំសន្សំពិន្ទុ ដូច្នេះពួកគេត្រូវរង់ចាំស្វ័យប្រវត្តិនៅវគ្គផ្ដាច់ព្រ័ត្រ ដោយទទួលអ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានការប៉ះគ្នារវាងក្រុម KMH Academy U18 និង យុវជនព្រះខ័នរាជស្វាយរៀង៕
ប្រភពពី: keiladaily