ការប្រកួតថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ វគ្គខ្វែង ១៦ក្រុម នឹងត្រូវធ្វើការចាប់ឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីឲ្យក្រុមទាំង១៦ បានដឹងពីសមាសភាពគូប្រកួត ដែលពួកគេត្រូវជួបក្នុងវគ្គនេះ។

បើតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ការចាប់ឆ្នោតនេះ នឹងត្រូវធ្វើនៅម៉ោង១១ នៅពហុកីឡដ្ឋានជាតិ ហើយក្រុមទាំង១៦ ដែលត្រូវចាប់ឆ្នោតមានក្រុមលីកកំពូល ឆ្នាំ២០១៨ ព្រះខ័នរាជស្វាយរៀង ណាហ្គាវើល បឹងកេត ក្រសួងការពារជាតិ ភ្នំពេញក្រោន ប៉ូលិស វិសាខា អង្គរថាយហ្គឺរ សូលទីឡូអង្គរ អាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា និងក្រុមវេស្ទើន ព្រមទាំងក្រុមគិរីវង់អេហ្វស៊ី សាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ ខេត្តកំពត និងក្រុមខេត្តកោះកុង។

គួរបញ្ជាក់ថា ក្រុមគិរីវង់អេហ្វស៊ី សាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ ខេត្តកំពត និងក្រុមខេត្តកោះកុង គឺជាក្រុមដែលបានឈ្នះកោះកៅអី ពីការប្រកួតថ្នាក់ខេត្ត។ បន្ថែមលើនេះ គិរីវង់អេហ្វស៊ី និងក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ នឹងត្រូវឡើងទៅប្រកួតយកពានថ្នាក់ខេត្ត ក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំង២ បានទទួលជ័យជម្នះរៀងៗខ្លួន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ដោយក្នុងនោះ ក្រុមគិរីវង់អេហ្វស៊ី បានយកឈ្នះក្រុមខេត្តកំពត ៣-១ ហើយសាលាបាល់ទាត់ជាតិ U18 បានយកឈ្នះក្រុមខេត្តកោះកុង ២-១។

ចំពោះលក្ខខណ្ឌក្នុងការប្រកួតវគ្គខ្វែង ១៦ក្រុមនេះ គឺនឹងត្រូវធ្វើការប្រកួត ២ជើង ក្នុងនោះជើងទី១ គ្រោងធ្វើនៅថ្ងៃទី១១ ខែកក្កដា ឯជើងទី២ ធ្វើនៅថ្ងៃទី១៨ ខែកក្កដា ហើយក្រុមឈ្នះចំនួន ៨ក្រុម នឹងត្រូវឡើងទៅប្រកួតនៅវគ្គ ១/៤ផ្តាច់ព្រ័ត្រ ជាបន្តទៀត៕