(ភ្នំពេញ)៖ កីឡាករកម្ពុជា ឡៅ ចន្ទ្រា បានឈ្នះពានរង្វាន់អន្តរជាតិ និងខ្សែក្រវាត់ ៤គ្រឿងតែមិនធ្លាប់មានប្រវត្តិប៉ះកីឡាករបរទេសនៅវគ្គផ្តាច់ព្រ័ត្រនោះឡើយ។ ចន្រ្ទា ជាកីឡាករមកពីក្លឹបកងពលតូចឆ័ត្រយោងពិសេស៩១១ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ទើបតែក្លាយជាម្ចាស់ពានរង្វាន់អន្តរជាតិ ISI Palm របស់ស្ថានីយទូរទស្សន៍ស៊ីអិនស៊ី ជាមួយប្រាក់រង្វាន់ ៦០០០ដុល្លារ ដែលជាជ័យជម្នះធំៗជាលើកទី៤ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់។

ឆ្លងកាត់ជ័យជម្នះទាំង ៤លើកនេះ ចន្ទ្រា មិនធ្លាប់ប៉ះកីឡាករបរទេសនៅវគ្គផ្តាច់ព្រ័ត្រម្តងណាទេ ពោលគឺប៉ះមិត្តរួមជាតិទាំង៤លើកតែម្តង ទោះបីកម្មវិធីខ្លះមានការចូលរួមពីកីឡាករបរទេសក្តី។​ ខ្សែក្រវាត់លើកដំបូងដែល ចន្ទ្រា ទទួលបាន គឺខ្សែក្រវាត់ស្រាបៀលីអូរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន ដោយឈ្នះកីឡាករ សុខ សុវណ្ណ នៅវគ្គផ្តាច់ព្រ័ត្រ។

ខ្សែក្រវ៉ាត់សមរភូមិអ្នកប្រយុទ្ធស្រាបៀលីអូររបស់ស្ថានីយទូរទស្សន៍ភីអិនអិន គឺជាខ្សែក្រវាត់ទី២ ដែល ឡៅ ចន្ទ្រា ទទួលបាន ក្រោយផ្តួលកីឡាករ សូត្រ ប៊ុនធី នៅទឹកទី២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ខ្សែក្រវាត់ទី៣ វិញ ឡៅ ចន្ទ្រា បានយកឈ្នះសិស្សច្បង ផល សោភ័ណ្ឌ ដោយពិន្ទុដើម្បីគ្រងខ្សែក្រវាត់គូបូតារបស់ស្ថានីយទូរទស្សន៍ BTV។

សូមបញ្ជាក់ថា សម្រាប់លើកទី៤ ថ្មីៗនេះ ឡៅ ចន្ទ្រា ទើបតែឈ្នះបានពានរង្វាន់អន្តរជាតិ ISI Palm របស់ប៉ុស្តិ៍ស៊ីអិនស៊ីមួយទៀត បន្ទាប់ពីឈ្នះពិន្ទុកីឡាករ ពុទ្ធ ឆាយរឹទ្ធី ក្នុវគ្គផ្តាច់ព្រ័ត្រ៕
Via: khmertalking