ជើងខ្លាំង ឃីម ឌីម៉ា ដែលជាកីឡាករគុនខ្មែរដំបូងគេ ដណ្តើមបានមេដាយមាសនៅស៊ីហ្គេម ជូនប្រទេសជាតិនោះ ត្រូវបានស្ថាប័នកីឡាកំពូលរបស់កម្ពុជា គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជ្រើសរើសជាអត្តពលិកទី១ ដែលត្រូវទទួលភ្លើបគប់ដោយផ្ទាល់ពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី២ នៅថ្ងៃទី២៥ ខែឧសភា ខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោកបានថ្លែងប្រាប់ថា៖ «តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន ថោង ខុន យើងបានសម្រេចយកកីឡាគុនខ្មែរ ដែលទើបដណ្តើមបានមេដាយ ពីការប្រកួតស៊ីហ្គេម កាលពីឆ្នាំមុន ហើយជាប្រវត្តិសាស្រ្តដែលគុនខ្មែរ បានមេដាយក្នុងស៊ីហ្គេម អ៊ីចឹង ឃីម ឌីម៉ា ដែលបានមេដាយមាស លើកដំបូង និងជាកីឡាករគុនខ្មែរនោះ គឺគាត់ស័ក្តិសម នឹងទទួលនូវព្រះរាជទានភ្លើងគប់ពីព្រះមហាក្សត្រ នៅព្រះបរមរាជវាំង»។

បើតាមគម្រោង ឃីម ឌីម៉ា នឹងត្រូវទទួលភ្លើងគប់ដោយផ្ទាល់ពី ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរម្យរាជវាំង ហើយនេះជាមហាកិត្តិយសធំបំផុតចំពោះរូបគេ ព្រោះនេះជាលើកទី១ហើយ ដែលព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ នឹងព្រះរាជទានភ្លើងគប់ នៅកើយខាងមុខព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ដល់កីឡាករ ដើម្បីបង្ហែយកទៅដុតបំភ្លឺគប់ ក្នុងការប្រកួតកីឡា នៅពហុកីឡដ្ឋានជាតិ។

ជាមួយគ្នានោះអត្តពលិកមានស្មាដៃ និងមានឈ្មោះបោះសម្លេងមួយចំនួនទៀត មានដូចជា លោក តូ រិទ្ធីយ៉ា ម្ចាស់មេដាយមាសពិភពលោក កែ ឡេង កីឡាករមានប្រិយភាពខ្លាំង ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម ម្ចាស់មេដាយមាសកីឡាអាស៊ី ស៊ន សៀវម៉ី និងអត្តពលិកមានស្មាដៃ ក៏ត្រូវបានជ្រើសរើសយកមករត់ភ្លើងគប់ បន្តពី ឃីម ឌីម៉ា ដើម្បីយកមកប្រគល់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលរង់ចាំនៅលើវេទិកានៃគណៈអធិបតី ក្នុងពហុកីឡដ្ឋានជាតិ នាថ្ងៃបើកកីឡាជាតិ លើកទី២ នេះផងដែរ។

ជុំវិញរឿងនេះ លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ការរត់ភ្លើងគប់នេះ យើងមានអត្តពលិកល្បីៗរបស់យើង គឺបន្ទាប់ពី ឃីម ឌីម៉ា មក មានក្រុមកីឡាអត្តពកម្ម រួមជាមួយកីឡាករ ចាន់ វឌ្ឍនាកា, ប្រាក់ មន្នីឧត្តម ហើយពេលចូលមកដល់ស្តាត យើងមានលោក តូ រិទ្ធីយ៉ា ជាអ្នកល្បីល្បាញផ្នែករត់ម៉ារ៉ាតុង នាទស្សវត្សរ៍៨០ និង៩០ រួមជាមួយម្ចាស់មេដាយមាសពិភពលោក កែ ឡេង, អ៊ុក ស្រីមុំ និងមានខាងវ៉ូវីណាម ដែរ ហើយចុងក្រោយកញ្ញា ស៊ន សៀវម៉ី ដែលតំណាងឲ្យស្មារតីកីឡាអូឡាំពិក នឹងនាំយកភ្លើងគប់នេះទៅប្រគល់ជូនសម្តេចតេជោ ដើម្បីឲ្យលោកលើកយកភ្លើងនេះ អុជខ្សែកាំជ្រួច បាញ់ចេញពីវេទិកាគណៈអធិបតី ទៅឆេះនៅថាសភ្លើងគប់តែម្តង»៕